
ខេត្តឧត្តរមានជ័យ៖ មន្រ្តីនៃអង្គភាពស៊ីម៉ាក់ (CMAC) នៅទិសខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ គាស់កកាយយកគ្រាប់បែកប្រភេទ MK-៨២ ទម្ងន់ជាង២៣០គីឡូក្រាម មកដោះបន្សាបដោយជោគជ័យ។ គ្រប់បែកដ៏គ្រោះថ្នាក់នេះ ត្រូវយោធាឈ្លានពានថៃ ទម្លាក់ពីយន្តហោះចម្បាំង កប់ចូលក្នុងដីជម្រៅដល់ទៅជាង១៣ម៉ែត្រឯណោះ កាលពីកំលុងពេលសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហោះព័ត៌មានអំពីការកាយ និងដោះបន្សាបគ្រាប់បែកនេះ លើទំព័រហ្វេសប៊ុករបស់លោក។ លោក បានបញ្ជាក់ដល់អង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទនៅព្រឹកថ្ងៃទី៣ ខែមេសានេះថា គ្រាប់បែកនេះ ពិតជាចូលទៅក្នុងដីជម្រៅជាង១៣ម៉ែត្រមែន។ បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់លោកដដែល គ្រាប់បែក MK-៨២ ត្រូវបានផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems) [របស់អាម៉េរិក] និងបានកែសម្រួលបំពាក់សម្ភារបច្ចេកទេសបន្ថែមរបស់ក្រុមហ៊ុន HWG (Hanwha Corporation) របស់កូរ៉េខាងត្បូង។ យោធាថៃបានទម្លាក់គ្រាប់បែកនេះ មកលើទឹកដីកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ លោកអគ្គនាយក កោតសរសើរមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ជួរមុខទាំងអស់ ដែលបានចូលរួមលះបង់ពលីកម្ម ក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍទ្បើងវិញ ក្រោយមានបទឈប់បាញ់ ។

គួរជ្រាបថា ក្នុងសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា ថៃបានប្រើអាវុធធន់ធ្ងន់ជាច្រើន បូករួមទាំងគ្រាប់បែកជាច្រើនប្រភេទ បាញ់ស្រោច និងទម្លាក់មកលើទីតាំងយោធា និងតំបន់ជនស៊ីវិលកម្ពុជាជាច្រើន។ ក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃ គ្រាប់ខ្លះមិនទាន់ផ្ទុះនៅឡើយ និងនៅរាយប៉ាយលើដី ខ្លះទៀតលិចកប់ចូលជ្រៅទៅក្នុងដីក៏មាន។ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ អង្គភាពស៊ីម៉ាក់ ប្តេជ្ញាបោសសម្អាតកម្ទេចចោលទាំងអស់ ទោះបីជាគ្រាប់ទាំងនោះស្ថិតនៅលើដី លិចកប់រាក់ ឬជ្រៅក្នុងដី ឬក្នុងទឹកក៏ដោយ៕





