
ក្រុងព្រះវិហារ៖ មន្រ្តីជំនាញស៊ីម៉ាក់ខេត្តព្រះវិហារ បន្តបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីកំលុងយោធាថៃបើកការឈ្លានពានកម្ពុជា ចំនួន២គ្រាប់ ប្រភេទ MK-៨២ ទម្ងន់២៣០គីឡូក្រាម។ នេះបើតាមការបញ្ជាក់ពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី៣០មករា..។

លោកអគ្គនាយកស៊ីម៉ាក់ គូសបញ្ជាក់យ៉ាងដូច្នេះថា៖«កងកម្លាំងជំនាញអង្គភាព ស៊ីម៉ាក់ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-៨២ ទម្ងន់ជាង២៣០គីឡូក្រាមចំនួន២គ្រាប់ ដែលគ្រាប់បែកទាំងនេះផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១។ គ្រាប់បែកទាំងនេះ បានទម្លាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមសៀមឈ្លានពាន ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម»។ សូមជម្រាបថា មិនមែនមានតែខេត្តព្រះវិហារមួយទេ ដែលយោធាថៃឈ្លានពាន បានទម្លាក់គ្រាប់បែកប្រភេទ MK-៨២។ ជាក់ស្តែង កាលថ្ងៃទី២សីហា ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់ ក៏បានត្រួតពិនិត្យនៅវត្តតាមាន់សែនជ័យ ស្ថិតនៅភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ។

ជាមួយគ្នា មន្រ្តីជំនាញស៊ីម៉ាក់ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះ ក៏ត្រូវបានពួកទ័ពថៃទម្លាក់គ្រាប់បែក MK-៨២ ទម្ងន់២៥០គីឡូក្រាម។ ការទម្លាក់នេះ យោធាថៃ បានប្រើប្រាស់យន្តហោះ F-១៦ ដឹកហើយបានបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មី (The GBU-១២ Payway II) តាមរយៈភស្តុតាង គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ លេខស៊េរី Serial No.២២០០២៧៨៨ និងSerial No.២២០០២៧៩៤ ផលិតនៅខែមករា ឆ្នាំ២០២៣៕




