យោធាឈ្លានពានថៃប្រមាណ៧០នាក់ ចល័តរថពាសដែក២គ្រឿង និងរាយលួសបន្លាបន្ថែមក្នុងតំបន់អូរស្មាច់ ទឹកដីកម្ពុជា
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តឧត្តរមានជ័យ៖ ថៃ បញ្ជូនកងកម្លាំងប្រដាប់អាវុធ ចល័តរថពាសដែក និងរាយលួសបន្លាបន្ថែមលើទីតាំងដែលពួកគេកំពុងកាន់កាប់ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា កាលពីវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌ទាំងយប់ពាក់កណ្តាលអធ្រាត្រ ដើម្បីបញ្ជាក់ពីករណីនេះ ព្រមទាំងទាត់ចោលការផ្សាយបំភ្លៃរបស់កងទ័ពភូមិនថៃ (Royal Thai Army) ដែលថា មានសកម្មភាពញុះញង់ពីខាងកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ ការចោទប្រកាន់ពីភាគីថៃនេះ គឺមិនពិត និងគ្មានមូលដ្ឋាន

លោកស្រី បំភ្លឺថា កងកម្លាំងកម្ពុជា តែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរ៉ឹង។ កងកម្លាំងកម្ពុជា បន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នា កម្ពុជាក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។ អ្នកនាំពាក្យ អះអាងថា ទីតាំងដែលកងកម្លាំងឈ្លានពានថៃចល័តចូលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជា ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ 

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ  
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ  

ប៉ុន្តែ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ម៉ាលី សុជាតិ ដដែល ហើយលោកស្រី បញ្ជាក់ថា ភ្លាមៗ យោធភូមិភាគទី៤កម្ពុជា បានទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ដើម្បីឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិកម្ពុជា បន្តបញ្ជាក់ជាថ្មីថា ចាប់តាំងពីចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ អនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាមួយគ្នា ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃ គោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត