កូនសោ៣គ្រាប់ ចាក់បើកទ្វារច្រកសមុទ្ទហ័រមូស្សឡើងវិញ
ហៀប ស៊ីថេត
2 ម៉ោងមុន

មជ្ឈិមបូព៌ា៖ វិបត្តិនៅច្រកសមុទ្ទហ័រមូស្ស បាននិងកំពុងធ្វើឱ្យកកស្ទះសរសៃឈាមប្រេងសកល ខណៈច្រករបៀងផ្លូវទឹក«ក-ដប» នៅចន្លោះឈូងសមុទ្ទពែក្ស និងឈូងសមុទ្ទអូម៉ង់ គឺជាល្បែងអុកភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់បំផុតរវាងសម្ព័ន្ធភាពអាម៉េរិក-អ៊ីស្រាអែល កម្ទេចអ៊ីរ៉ង់។ មានច្រកចេញចំនួន៣ ដែលអាចនាំទៅរកការបើកច្រកសមុទ្ទយុទ្ធសាស្ត្រនេះឡើងវិញ ប៉ុន្តែវិធីនីមួយៗសុទ្ធតែមានហានិភ័យខ្ពស់...។

សេណារីយ៉ូទី១៖ រដ្ឋឈូងសមុទ្ទ អាចប្រើកម្លាំងយោធាតំបន់ចម្រុះ ដើម្បីវាយបំបែករនាំងទ្វារដែលអ៊ីរ៉ង់បិទខ្ទប់។ ការពិតមិនអាចប្រកែកបាន ក្នុងស្ថានភាពដែលច្រកសមុទ្ទហ័រមូស្សក្លាយជាចំណាប់ខ្មាំងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ច ប្លុកអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក្នុងជម្រើសប្រើកម្លាំងបាយឯកតោភាគី ដើម្បីវាយបំបែកទ្វារសមុទ្ទ ដែលកំពុងរងការបិទខ្ទប់នេះ គឺជារឿងចាំបាច់ណាស់ ដើម្បីឱ្យដង្ហើមប្រេងរបស់ខ្លួនអាចរស់រានបន្តបាន។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះ ប្រៀបដូចជាបែរកាណុងកាំភ្លើងភ្ជង់ក្បាលខ្លួនឯង ព្រោះថា សមត្ថភាពទ័ពជើងទឹករដ្ឋឈូងសមុទ្ទនៅមានកម្រិត បើធៀបនឹងអ៊ីរ៉ង់ ហើយហានិភ័យនៃការវាយបកសងសឹកពីសំណាក់រដ្ឋធានីតេហេរ៉ង់លើអណ្តូងប្រេងផ្ទាល់ខ្លួន គឺជាអ្វីដែលធ្វើឱ្យពួកគេសូញសាញ និងពិបាកទទួលយក ព្រោះថា រដ្ឋឈូងសមុទ្ទទាំងនោះ ពឹងលើឧហ្សាកម្មប្រេងដើម្បីរស់។

សេណារីយ៉ូទី២៖ យុទ្ធនាការយោធា បង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់។ នៅក្នុងសេណារីយ៉ូនេះ គឺជាការរួបរួមកម្លាំងយោធារវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ប្រើប្រាស់អាវុធទំនើបៗ ធុនធ្ងន់ និងឥទ្ធិពលយោធា បង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់។ សេណារីយ៉ូនេះ ជាកូនសោដ៏មុតស្រួចក្នុងការបើកច្រកសមុទ្ទហ័រមូស្ស ព្រោះថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នឹងបង្ហាញសាច់ដុំយោធាកម្រិតខ្ពស់ ដើម្បីផ្ញើសារព្រមានថា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស តម្លៃដែលត្រូវសងនឹងលើសពីសមត្ថភាព ដែលរបបតេហេរ៉ង់អាចទ្រាំទ្របាន។ ការណ៍នេះ អាចបង្ខំឱ្យអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពខាតបង់ និងមហន្តរាយកម្រិតធ្ងន់។ យ៉ាងណា អ្វីដែលសំខាន់នោះ គឺថា តើសម្ព័ន្ធមិត្តអាម៉េរិកក្នុងតំបន់ ព្រមលូកដៃជួយរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីវាយកម្ទេចអ៊ីរ៉ង់ឱ្យព្រមចុះចាញ់ដែរឬទេ..?

សេណារីយ៉ូទី៣៖ ការយល់ព្រមលើកិច្ចចរចារសន្តិភាព។ នេះគឺជាសេណារីយ៉ូដែលមានលក្ខណៈវិទ្យាសាស្ត្រ និងមានលទ្ធភាពកើតឡើងខ្ពស់បំផុត ដែលអាចនាំទៅរកសន្តិភាពយូរអង្វែង ទន្ទឹមនឹងអ៊ីរ៉ង់បន្តបិទច្រកសមុទ្ទ ដើម្បីទុកជាសន្លឹកបៀរសម្រាប់ចរចាដោះដូរលក្ខខណ្ឌ ដោយមានប៉ាគីស្ថានធ្វើជាម្ចាស់នៃកិច្ចចរចារនេះ។ សេណារីយ៉ូនេះ ទាមទារឱ្យមានជាដំណាក់កាលមុនពេលឈានទៅដល់ការបើកច្រកសមុទ្ទហ័រមូស្ស។ ជាដំបូង អ៊ីរ៉ង់ត្រូវអនុញ្ញាតឱ្យនាវាប្រទេសមួយចំនួនឆ្លងកាត់ ខណៈចំណាត់ការនេះ អ៊ីរ៉ង់ធ្វើរួចហើយ កាលពីថ្ងៃទី២៦មីនា។ លើសពីនេះ សហរដ្ឋអាម៉េរិក ត្រូវយល់ព្រមបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្ទ ហើយក្របខណ្ឌនាវាចរណ៍ពហុភាគី ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ដ្បិតថា ដំណាក់កាលនេះ អាចមានលទ្ធភាពនាំទៅរកសន្តិភាពយូរអង្វែង ប៉ុន្តែវាស្មុកស្មាញ ហើយច្រើនដំណាក់កាលណាស់ ជាពិសេស ថាតើអាម៉េរិក និងអ៊ីរ៉ង់ព្រមទទួលយកលក្ខខណ្ឌគ្នា ឬក៏អត់...?

ក្នុងចំណោមវិធីសាស្ដ្រទាំង៣ សេណារីយ៉ូទី៣ គឺជាច្រកចេញដែលប្រកបដោយចីរភាពបំផុត។ ប្រសិនបើកិច្ចចរចានៅប៉ាគីស្ថានជោគជ័យ ពិភពលោកនឹងឃើញច្រកសមុទ្ទហ័រមូស្សបើកឡើងវិញជាលក្ខណៈបច្ចេកទេស ជាជាងការសម្រេចចាញ់ឈ្នះ ដោយប្រើកម្លាំងយោធា។ ផ្ទុយទៅវិញ ប្រសិនបើការទូតបរាជ័យ នោះសេណារីយ៉ូទី២ នឹងក្លាយជាជម្រើសចុងក្រោយ ដែលអាចបើកច្រកសមុទ្ទបានតាមរយៈគ្រាប់កាំភ្លើង មីស៊ីល ដ្រូន និងអាវុធទំនើបៗ ប៉ុន្តែវានឹងបន្សល់ទុកនូវតំបន់មជ្ឈិមបូព៌ាដែលខ្ទេចខ្ទី ពិបាកនឹងស្តារឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត