អាជ្ញាធរមីន ប្រកាសដាក់ឃុំត្រពាំងរូង ខេត្តកោះកុង ជាឃុំអស់មី.ន
L
Linda Sorn
2 ម៉ោងមុន

ក្រុងខេមរភូមិន្ទ៖ អាជ្ញាធរមីន នៅថ្ងៃព្រហស្បតិ៍ទី២មេសា ឆ្នាំ២០២៦ បានប្រកាសដាក់ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន។ នេះបើព័ត៌មានដែលចេញផ្សាយដោយក្រសួងព័ត៌មាន។

ពិធីប្រកាស ត្រូវបានធ្វើឡើងក្រោមការចូលរួមពីលោកទេសររដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងលោក វ៉ាន់ឡាល់វ៉ាណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយលោក ឡៅ ប៊ុនខេង អភិបាលរងខេត្តកោះកុង និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងក្នុងពិធីនេះ លោក លី ធុជ ចាត់ទុកការប្រកាសឃុំត្រពាំងរូង ជាឃុំអស់មីន គឺជាសមិទ្ធផលដ៏មានសារសំខាន់សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេសនៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា។

លោកទេសររដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន
លោកទេសររដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន

លោក ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីនក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញារបស់ឥណ្ឌាក្នុងការបន្តគាំទ្រចក្ខុវិស័យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្តីពី «កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន» និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្ស ក៏ត្រូវបានស្តារឡើងវិញផងដែរ។ លោកបញ្ជាក់ថា៖«ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ»។ លោកក៏អរគុណប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត