
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដាក់បញ្ជាឱ្យភាគីពាក់ព័ន្ធ តាមឃ្លាំមើលការលួចនាំចូលប្រេងពីថៃ ហើយបើរកឃើញមានមន្រ្តីណាជាប់ពាក់ព័ន្ធ ត្រូវតែបញ្ចប់តំណែង ហើយបើជាក្រុមហ៊ុន ត្រូវដកអជ្ញាបណ្ណជាដាច់ខាត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបញ្ជាយ៉ាងដាច់អហង្ការនេះ តាមរយៈសំណេរលើគណនេយ្យហ្វេសប៊ុក ទាំងព្រឹកព្រឹលឹម ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

បទបញ្ជារបស់មេដឹកនាំកម្ពុជា ធ្វើឡើងក្រោយមានបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា។ សម្តេចធិបតី បញ្ជាឱ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់។ សម្តេច សង្កត់ធ្ងន់ថា៖«ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត»។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាបណ្ណ ហើយប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខ័ណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុនណានោះទេ។ សម្តេចបន្ថែមទៀតថា កម្ពុជាមិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតឡើយ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។ គួរបញ្ជាក់ថា ដោយសារថៃបង្កជម្លោះមុន ហើយថែមទាំងទាញទ្វារបិទព្រំដែនមុនដែរនោះ កម្ពុជាបានសម្រេចផ្អាកនាំចូលប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ទំនិញផ្សេងៗទៀត ដូចបន្លែផ្លែឈើជាដើម ពីប្រទេសថៃ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៥មកម្ល៉េះ៕




