ក្រុមអ្នកជំនាញ កំពុងសិក្សាស្រាវជ្រាវពីឡដុតកុលាលភាជន៍នៅទិសនិរតីនៃប្រាសាទប្រែរូប
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងសៀមរាប៖ ក្រុមអ្នកបុរាណវិទូ កំពុងសិក្សាស្រាវជ្រាវពីឡដុតកុលាលភាជន៍នៅគោកព្នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២មេសា។

លោក ពិទូ ភិរម្យ អ្នកជំនាញផ្នែកបុរាណវិទ្យា គូសបញ្ជាក់ថា ការសាងសង់ឡលើទួលនៅគោកព្នៅ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ព័ន្ធឡមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ តាមរយៈស្លាកស្នាមដែលនៅសេសសល់ អាចសន្និដ្ឋានបានថា ឡនេះ មានទំហំប្រមាណ១,៨០ម៉ែត្រ កម្ពស់អាចមានប្រវែង១,៨០ម៉ែត្រ ទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅដំបូល។ រចនាសម្ព័ន្ធ គឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន៤នៅតាមជ្រុង។ ផ្នែកកណ្តាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។ ក្រុមអ្នកស្រាវជ្រាវ បានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡ សម្រាប់វិភាគស្វែងរកអាយុកាល។

អ្នកជំនាញបុរាណវិទ្យាម្នាក់ទៀត គឺលោក ញឹម ស៊ីដេត លើកឡើងថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះ មានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោងទេ។ ចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បានទេ ប៉ុន្តែបើប្រៀបធៀបជាមួយលទ្ធផល ដែលទទួលបានពីការវិភាគលើសំណាកធ្យូង ដែលយកពីស្រទាប់ដីដែលនៅសល់រចនាសម្ព័ន្ធឡដុតភាជន៍ខ្លះៗពីរណ្តៅកំណាយមួយចំនួន ដែលធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បង្ហាញថា ស្រទាប់ដីនោះមានអាយុកាលតាំងពីសតវត្សរ៍ទី៩។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានលើកទ្បើងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅ ជាសហគមន៍ស្មូនដូចការសន្និដ្ឋាន របស់អ្នកស្រាវជ្រាវមួយចំនួន ទើបនៅឆ្នាំ២០២៥ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បានជ្រើសរើសយកទួលត្រពាំងថ្មអណ្ដែត ធ្វើកំណាយស្រាវជ្រាវ។ លើសពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត នៅឆ្នាំ២០២៦នេះ ក្រុមអ្នកស្រាវជ្រាវ ក៏បានរើសយកទួលមួយដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែត មកធ្វើកំណាយផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត