មេទ័ពកម្ពុជា អំណរគុណក្រុមសង្កេតការណ៍អាស៊ានប្រឹងពុះពារកាត់ក្ដៅកាត់ភ្លៀង និងប្រថុយប្រថានចុះឃ្លាំមើលព្រំដែនដែលថៃឈ្លានពាន
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានបញ្ជូននាយទាហានមកចូលរួមជាក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជា (AOT) ដើម្បីដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោក វង្ស ពិសេន បានជួបសំណេះសំណាល និងប្រគល់បណ្ណសរសើរជូនក្រុម AOT នៅព្រឹកថ្ងៃទី២មេសា។ 

ក្នុងពិធីសំណេះសំណាល លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរដោយស្មោះចំពោះក្រុម AOT) ដែលខិតខំមិនរួញរា និងលះបង់គ្រប់កាលៈទេសៈ ទោះបីបេសកកម្មតម្រូវឱ្យទៅសង្កេតការណ៍យប់ព្រលប់ ត្រួតពិនិត្យការកែសម្រួលសព្វាវុធក្រោមកម្ដៅថ្ងៃ និងភ្លៀង ហើយពេលខ្លះក្រោមសម្ពាធនៃការគំរាមកំហែងដោយស្នូរកាំភ្លើងពីភាគីម្ខាងទៀតក៏ដោយ។ លោកថែមទាំងថ្លែងអំណរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ជាពិសេសរាជរដ្ឋាភិបាល និងកងទ័ពម៉ាឡេស៊ី ដែលបានគាំទ្រការអនុវត្តឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជា ក្នុងនាមជាគ្រួសារអាស៊ាន។ 

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន

លោក វង្ស ពិសេន ចាត់ទុកការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ថាបង្ហាញអំពីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ស្របពេលសភាពការណ៍ពិភពលោក ស្ថិតក្នុងភាពតានតឹង និងស្មុគស្វាញគួរឱ្យព្រួយបារម្ភ។ «ក្នុងនាមជាប្រទេសសមាជិកអាស៊ាន យើងគួរថែរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីរួមគ្នាឆ្ពោះទៅរកសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។ កម្ពុជា បន្តរក្សាជំហរ និងប្ដេជ្ញាចិត្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់មេទ័ពកំពូលកម្ពុជា។  

ទន្ទឹមគ្នា លោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ ដោយសង្ឃឹមថា ហ្វីលីពីននឹងបន្តដឹកនាំក្រុម AOT ក្នុងការចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឱ្យវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ។ លោក លើកឡើងថា ក្រុម AOT មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ហើយបេសកកម្មរបស់ក្រុម AOT នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ាន ដែលបានចូលរួមដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងសមាជិកអាស៊ានខ្លួនឯង។

ប្រធានក្រុម (AOT) លោកវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP 
ប្រធានក្រុម (AOT) លោកវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP 

ប្រធានក្រុម AOT លោកវរសេនីយ៍ឯក មូដ ហ្វារីដ ប៊ីន មូដ យូសុប (MOHD FARID BIN MOHD YUSOP) បានបង្ហាញរបាយការណ៍សកម្មភាពការងាររបស់ក្រុម AOT ក្នុងរយៈពេលជិត៧ខែកន្លងមកនេះ ព្រមជាមួយការប្តេជ្ញាចិត្តពេញទំហឹង និងម៉ឺងម៉ាត់ ក្នុងភារកិច្ចរតាមដានស្ថានភាពនៅទីតាំងជាក់ស្ដែង, ការលើកកម្ពស់តម្លាភាព, ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងគាំទ្រដល់កិច្ចខិតខំ ដើម្បីរក្សាស្ថិរភាព ទប់ស្កាត់ការកើនឡើងនូវភាពតានតឹង។ ប្រធានក្រុម AOT បញ្ជាក់ថា ទោះបីបេសកកម្ម ជួបប្រទះបញ្ហាប្រឈមខ្លះៗ រួមមាន៖ កម្រិតនៃប្រតិបត្តិការ ភាពស្មុគស្មាញនៃការសម្របសម្រួល និងភាពរសើបនៃបរិយាកាសសន្តិសុខក្ដី ក៏ក្រុម AOT តែងរក្សាបាននៅបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុត ភាពយុត្តិធម៌ និងសុចរិតភាព តាមរយៈការតស៊ូ និងកិច្ចសហការប្រកបដោយការទទួលខុសត្រូវ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត