អាល្លឺម៉ង់ មានគម្រោងបង្កើតកិច្ចសហការជាមួយកម្ពុជា លើការបណ្ដុះបណ្ដាលជំនាញ
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ភាគីអាល្លឺម៉ង់ មានគម្រោងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការីកម្ពុជាទៅអាល្លឺម៉ង់។ នេះបើតាមការផ្សាយរបស់ក្រសួងការងារកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយលោក គ្រីស្តូហ្វ វីហ្គេលម្យើ (Christoph Weigelmeier) ភារធារីស្តីទីនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក គ្រីស្តូហ្វ ហូហ្វម៉ាន់ (Christoph Hoffmann) អតីតសមាជិកសភាអាល្លឺម៉ង់ កាលពីថ្ងៃទី១មេសា ឆ្នាំ២០២៦។

ភាគីកម្ពុជា-អាល្លឺម៉ង់ បានពិភាក្សាគ្នាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះ មានទាំងសិក្ខាកាមកម្ពុជា អាចមានឱកាសទៅធ្វើកម្មសិក្សានៅអាល្លឺម៉ង់។ ភាគីអាល្លឺម៉ង់ បានលើកឡើងពីគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការីកម្ពុជាទៅអាល្លឺម៉ង់។ ភាគីអាល្លឺម៉ង់ សង្កត់ធ្ងន់ថា យន្តការនេះ ត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានចាត់ទុកគំនិតផ្តួចផ្តើមរបស់ភាគីអាល្លឺម៉ង់ ថាជា «ដំណឹងដ៏ល្អ និងចំពេលជាក់ស្តែងបំផុត»។ លោកបញ្ជាក់ថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ តាមរយៈការធ្វើទំនើបកម្មជំនាញ និងការបណ្ដុះបណ្ដាលជំនាញថ្មីឱ្យស្របតាមការវិវត្តនៃឧស្សាហកម្ម។ ជាមួយគ្នា លោករដ្ឋមន្រ្តី អះអាងថា ក្រសួងការងារត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដល់ដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត