ស៊ុយអែតបញ្ចេញកញ្ចប់ថវិកាជិត១ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងដ្រូនទំនើបៗ
N
Nary Vann
2 ម៉ោងមុន

រដ្ឋាភិបាលស៊ុយអែតបានប្រកាសនូវការសម្រេចចិត្តចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់រហូតដល់ ៨,៧ពាន់លានក្រូន (ប្រមាណ ៩១៦ លានដុល្លារអាម៉េរិក) ដើម្បីបញ្ជាទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងដ្រូនពីក្រុមហ៊ុនការពារជាតិ Saab (សាប) និង BAE Systems (ប៊ីអេអ៊ី ស៊ីស្ទឹម)

ការសម្រេចចិត្តនេះ កើតឡើងចំពេលបណ្ដាប្រទេសនៅអឺរ៉ុប កំពុងសម្រុកពង្រឹងវិស័យការពារជាតិរបស់ខ្លួនដោយភាពតក់ស្លុត ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ផាល់ ជុនស៊ុន (Pal Jonson) បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«វាមានសារសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការវិនិយោគលើសមត្ថភាពការពារដែនអាកាស។ ការការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស គឺជាអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាល ហើយយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិស៊ុយអែត»

កញ្ចប់ថវិកាដ៏មហាសាលនេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញប្រព័ន្ធប្រឆាំងដ្រូនប្រភេទ Gute II (ហ្គូត ធូ) ដែលជាបច្ចេកវិទ្យារ៉ាដា និងកាំភ្លើងធំដែលអាចដំឡើងនៅនឹងកន្លែង ឬនៅលើរថយន្តចល័ត។ ប្រព័ន្ធនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីការពារអង្គភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជារោងចក្រថាមពលនុយក្លេអ៊ែ និងផ្លូវដែកជាដើម។ លើសពីនេះ ថវិកាមួយផ្នែក ក៏នឹងត្រូវប្រើប្រាស់សម្រាប់ទិញគ្រាប់រំសេវ និងរថយន្តយោធាដឹកជញ្ជូនកងទ័ពពីក្រុមហ៊ុន Sisu (ស៊ីស៊ូ) របស់ហ្វាំងឡង់ផងដែរ ដោយការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ និង ២០២៨។

ស៊ុយអែតបានកំណត់ទិសដៅបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅក្នុងឆ្នាំ២០២៦ នេះ ហើយគ្រោងនឹងរុញឱ្យហក់ឡើងដល់ ៣,៥ភាគរយ នៅឆ្នាំ២០៣០ ដើម្បីធានាថាប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងរាល់ការគំរាមកំហែងផ្នែកយោធានៅក្នុងតំបន់អឺរ៉ុបខាងជើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត