រដ្ឋមន្ត្រីការពារជាតិស៊ុយអែត ដាស់តឿនថៃឱ្យប្រើយន្តហោះចម្បាំង Gripen សម្រាប់តែការពារខ្លួនប៉ុណ្ណោះ
ហៀប ស៊ីថេត
27 សីហា 2025 11:15 AM

រាជធានីបាងកក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត បញ្ជាក់ពីសិទ្ធិរបស់ប្រទេសថៃក្នុងការប្រើប្រាស់យន្តហោះចម្បាំង Gripen សម្រាប់តែការពារខ្លួន និងជំរុញឱ្យបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ...។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ផាល ចនសុន (Pål Jonson) បានអះអាងថា ប្រទេសថៃ មានសិទ្ធិស្របច្បាប់ក្នុងប្រតិបត្តិការយន្តហោះចម្បាំង Gripen សម្រាប់ការពារខ្លួនក្រោមច្បាប់អន្តរជាតិ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ Gripen នាពេលថ្មីៗនេះ។ លើសពីនេះ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ទាំង​ថៃ និង​កម្ពុជា​ ឱ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​តំបន់ផងដែរ។ លោក ចនសុន គូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ហើយការប្រើប្រាស់បក្សីចម្បាំង Gripen របស់ប្រទេសថៃ គឺគោរពយ៉ាងពេញលេញជាមួយច្បាប់អន្តរជាតិ ប្រសិនបើប្រទេសនេះ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។ លោក​បាន​បន្ថែម​ថា ការ​ផ្តល់​សំណង​នៃ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយក្រុមហ៊ុនស៊ុយអែត Saab នឹង​មាន​អត្ថប្រយោជន៍​សង្គម​កាន់តែ​ទូលំទូលាយ ដោយ​ពង្រីក​ដល់​វិស័យ​អប់រំ ការស្រាវជ្រាវ និង​ការ​អភិវឌ្ឍ និង​វិស័យ​កសិកម្ម។

លោក ផាល ចនសុន (Pål Jonson), រូបភាព៖ The Nation
លោក ផាល ចនសុន (Pål Jonson), រូបភាព៖ The Nation

តើលោកអ្នកដឹងទេ...? លោក ចនសុន បានលើកឡើងដោយកាន់ជើងថៃ ថា ទាក់ទិននឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កងទ័ពអាកាសថៃ បានដាក់ពង្រាយយន្តហោះ Gripen ហើយស៊ុយអែតគោរពចំពោះប្រតិបត្តិការស្វ័យការពាររបស់ប្រទេសថៃ។ ប៉ុន្តែយ៉ាងណា លោកបានអំពាវនាវ ទាំងប្រទេសថៃ និងកម្ពុជា គួរតែធ្វើការរួមគ្នាដើម្បីកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យគណៈកម្មាធិការសង្កេតការណ៍អាស៊ាន ជួយកាត់បន្ថយការប៉ះទង្គិចរវាងប្រទេសទាំង២។ ជាក់ស្តែង លោករដ្ឋមន្រ្តីការពារជាតិស៊ុយអែតរូបនេះ មិនបានបញ្ជាក់អំពីសកម្មភាពយោធាថៃប្រើប្រាស់ យន្តហោះចម្បាំង Gripen មកឈ្លានពានកម្ពុជាឡើយ។ នេះស-បញ្ជាក់ឱ្យឃើញថា ច្បាប់មានតែក្នុងក្រដាសកិច្ចព្រមព្រៀងទិញ-លក់តែប៉ុណ្ណោះ។

គួររំឭកថា ប្រទេសថៃ​កាលពីថ្ងៃចន្ទទី២៥សីហា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ជាមួយ​ប្រទេស​ស៊ុយអែត ទិញ​យន្តហោះ​ចម្បាំង Gripen E/F ចំនួន៤គ្រឿងនៅ​ក្នុង​ដំណាក់​កាល​ទី១ ដែល​មាន​តម្លៃ១៩,៥ពាន់​លាន​បាត ឬស្មើនឹងប្រមាណជាង៥៥០ លានដុល្លារ។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយអគ្គមេបញ្ជាការទ័ពអាកាសថៃ (RTAF) លោក ភុនភក្តី ផាត់នៈកុល និងលោក មីកែល ហ្គ្រេនហូល (Mikael Granholm) អគ្គនាយករដ្ឋបាលសម្ភារការពារជាតិស៊ុយអែត (FMV) និងដោយមានរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក ប៉ាល់ ចនសុន (Pal Jonson) ជាសាក្សីផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត