សំឡេងជំរុញឱ្យរដ្ឋាភិបាលស៊ុយអែតផ្អាក​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ថៃ ត្រូវបានបន្លឺឡើង
ម៉េងហុង
27 សីហា 2025 05:12 AM

រដ្ឋធានីស្តុកខុល៖ អ្នកនាំពាក្យគោលនយោបាយការបរទេសរបស់គណបក្សបៃតង (Green Party) នៃប្រទេសស៊ុយអែត លោក ចាកុប រីសបឺក (Jacob Risberg) និងសមាជិកសភាមកពីគណបក្សបៃតង លោកស្រី អេមម៉ា ណូរ៉េន (Emma Nohrén) កាលពីថ្ងៃទី២៥សីហា បានអំពាវនាវឱ្យមានការផ្អាកលក់អាវុធទៅឱ្យប្រទេសថៃ និងប្រទេសមិនប្រជាធិបតេយ្យដទៃទៀត។ អ្នកទាំង២ បានលើកឡើងព្រមគ្នា ថាលក្ខណៈវិនិច្ឆ័យលទ្ធិប្រជាធិបតេយ្យសម្រាប់ការនាំចេញអាវុធ ត្រូវតែត្រូវបានរឹតបន្តឹង បន្ទាប់ពីប្រទេសថៃប្រើប្រាស់យន្តហោះចម្បាំង Jas Gripen វាយប្រហារគោលដៅនៅប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Dagens Arena

លោក ចាកុប រីសបឺក និងលោកស្រី អេមម៉ា ណូរ៉េន
លោក ចាកុប រីសបឺក និងលោកស្រី អេមម៉ា ណូរ៉េន

កាសែត Dagens Arena បានសរសេររៀបរាប់ថា យន្តហោះចម្បាំង Jas Gripen របស់ស៊ុយអែត ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធយ៉ាងសកម្មលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យន្តហោះចម្បាំង នៅពេលប្រទេសថៃថ្មីៗនេះ បានវាយប្រហារគោលដៅនានានៅក្នុងព្រំដែនប្រទេសកម្ពុជា។ របបគ្មានប្រជាធិបតេយ្យនៅប្រទេសថៃកំពុងជំរុញជម្លោះសម្រាប់ហេតុផលនយោបាយក្នុងស្រុក នៅក្នុងរលកនៃជាតិនិយមដែលពង្រឹងការក្តាប់អំណាចផ្តាច់ការ។ វាស្ថិតនៅក្នុងស្ថានភាពប្រែប្រួលខ្លាំង ដែលយន្តហោះចម្បាំង Jas Gripen កំពុងត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធលើកដំបូង និងជាកន្លែងដែលយោធាថៃ កំពុងព្យាយាមពន្លឿនការទិញយន្តហោះបន្ថែម។ ហានិភ័យនៃការកើនឡើងភាពតានតឹង គឺខ្ពស់ណាស់ ក៏ដូចជាលទ្ធភាពដែលយន្តហោះស៊ុយអែត Jas Gripen នឹងរួមចំណែកដល់សេណារីយ៉ូពង្រឹងអំណាចរបបផ្តាច់ការ។

ទោះបីជាមានការណែនាំអំពីលក្ខណៈវិនិច្ឆ័យប្រជាធិបតេយ្យជាលក្ខខណ្ឌគោលសម្រាប់ការអនុម័តនៃការលក់អាវុធតាំងពីឆ្នាំ២០១៨ ក៏ដោយ ការលក់ទៅឱ្យរបបផ្តាច់ការ និងប្រទេសមិនប្រជាធិបតេយ្យដែលគ្រប់គ្រងដោយយោធា ដូចជាប្រទេសថៃ បានកើនឡើងយ៉ាងខ្លាំង និងឈានដល់កម្រិតកំណត់ត្រាកាលពីឆ្នាំមុន។ ចន្លោះឆ្នាំ២០១៩ និង២០២៣ ប្រទេសស៊ុយអែតបាននាំចេញផលិតផលយោធាមានតម្លៃ២ ពាន់លានក្រូន័រ (ឬស្មើនឹងជាង២០៨លានដុល្លារ)ទៅឱ្យប្រទេសថៃ។ ការនាំចេញទៅប្រទេសថៃ និងរបបមិនប្រជាធិបតេយ្យផ្សេងទៀត រួមទាំងប្រទេសអេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងតួកគី តំណាងឱ្យច្រើនជាងមួយភាគបីនៃការនាំចេញអាវុធសរុបរបស់ស៊ុយអែតកាលពីឆ្នាំមុន។ នេះបើយោងតាមការវិភាគរបស់សមាគមសន្តិភាព និងអាជ្ញាកណ្ដាលស៊ុយអែត។

តាមសេចក្តីរាយការណ៍ ប្រទេសថៃមានបំណងបន្ថែមយន្តហោះចម្បាំង១២គ្រឿងទៀតពីក្រុមហ៊ុនស៊ុយអែត Saab ចូលក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយបានជះលុយជាង៥៥០លានដុល្លារសម្រាប់យន្តហោះធ្វើសឹក៤គ្រឿងដំបូង ត្រឹមតែពីរឆ្នាំបន្ទាប់ពីសហរដ្ឋអាម៉េរិក បានបដិសេធមិនលក់យន្តហោះចម្បាំង F-35។ សមាជិកបក្សបៃតងទាំង២រូបបានសង្កត់ធ្ងន់ថា៖«ស៊ុយអែតត្រូវការការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើលក្ខណៈវិនិច្ឆ័យដែលបានអនុវត្តចំពោះការនាំចេញអាវុធ។ ប្រទេសថៃបានផ្លាស់ប្ដូរទៅវិញទៅមករវាងរបបផ្តាច់ការយោធា និងរាជរដ្ឋាភិបាលទន់ខ្សោយអស់ជាច្រើនទសវត្សរ៍មកហើយ។ ជាទូទៅត្រូវបានទទួលស្គាល់ថា ជាប្រទេសមិនប្រជាធិបតេយ្យ»។

ការផ្ដល់របបគ្រប់គ្រងដោយយោធា ជាមួយនឹងយន្តហោះចម្បាំងកាន់តែច្រើននឹងប៉ះពាល់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ រាល់កិច្ចព្រមព្រៀងដែលកំពុងដំណើរការជាមួយ Saab ឬក្រុមហ៊ុនផលិតសព្វាវុធស៊ុយអែតផ្សេងទៀត គួរតែត្រូវបានផ្អាករហូតដល់លក្ខណៈវិនិច្ឆ័យប្រជាធិបតេយ្យរបស់អធិការកិច្ចផលិតផលយុទ្ធសាស្ត្រ (ISP) អាចត្រូវបានពិនិត្យ និងពង្រឹងឱ្យបានហ្មត់ចត់។

គួររំឭកថា ប្រទេសថៃ​កាលពីថ្ងៃចន្ទទី២៥សីហា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ជាមួយ​ប្រទេស​ស៊ុយអែត ទិញ​យន្តហោះ​ចម្បាំង Gripen E/F ចំនួន៤គ្រឿងនៅ​ក្នុង​ដំណាក់​កាល​ទី១ ដែល​មាន​តម្លៃ១៩,៥ពាន់​លាន​បាត ឬស្មើនឹងប្រមាណជាង៥៥០ លានដុល្លារ។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយអគ្គមេបញ្ជាការទ័ពអាកាសថៃ (RTAF) លោក ភុនភក្តី ផាត់នៈកុល និងលោក មីកែល ហ្គ្រេនហូល (Mikael Granholm) អគ្គនាយករដ្ឋបាលសម្ភារការពារជាតិស៊ុយអែត (FMV) និងដោយមានរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក ប៉ាល់ ចនសុន (Pal Jonson) ជាសាក្សីផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត