
រដ្ឋធានីស្តុកខុល៖ ប្រទេសថៃកាលពីថ្ងៃចន្ទទី២៥សីហា បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសស៊ុយអែត ទិញយន្តហោះចម្បាំង Gripen E/F ចំនួន៤គ្រឿងនៅក្នុងដំណាក់កាលទី១ ដែលមានតម្លៃ១៩,៥ពាន់លានបាត ឬស្មើនឹងប្រមាណជាង៥៥០ លានដុល្លារ។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយអគ្គមេបញ្ជាការទ័ពអាកាសថៃ (RTAF) លោក ភុនភក្តី ផាត់នៈកុល (พันธ์ภักดี พัฒนกุล) និងលោក មីកែល ហ្គ្រេនហូល (Mikael Granholm) អគ្គនាយករដ្ឋបាលសម្ភារការពារជាតិស៊ុយអែត (FMV) និងដោយមានរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក ប៉ាល់ ចនសុន (Pal Jonson) ជាសាក្សីផងដែរ...។

ការចុះហត្ថលេខាដំណាក់កាលទី១ នៃលទ្ធកម្មយន្តហោះចំនួន៤គ្រឿងក្នុងចំណោមយន្តហោះ១២គ្រឿង ដើម្បីជំនួសយន្តហោះ F-16 ដែលមានអាយុកាលជាង៣៧ ឆ្នាំមកហើយ។ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស ស្ងៀមពង្ស បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ មិនត្រឹមតែពង្រឹងក្រញ៉ាំបក្សីស្លាបដែករបស់កងទ័ពអាកាសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជំរុញឧស្សាហកម្មការពារជាតិរបស់ថៃ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា៖«កិច្ចព្រមព្រៀងនេះ ក៏បានធានាដល់ប្រទេសស៊ុយអែត និងសហគមន៍អន្តរជាតិផងដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យើងប្រើប្រាស់យន្តហោះ Gripen ក្នុងប្រតិបត្តិការយោធា ដើម្បីបង្ហាញយ៉ាងច្បាស់ថា យើងគ្មានចេតនាឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងរបស់យើងទេ។ គោលបំណងយោធារបស់យើង ដែលធ្វើឡើងដោយភាពជាក់លាក់ បង្ហាញពិភពលោកថា ប្រទេសថៃគោរពយ៉ាងតឹងរឹងតាមច្បាប់អន្តរជាតិ»។ នេះគឺជាសម្តីផ្សេងពីចិត្តរបស់លោក ម៉ារីស ស្ងៀមពង្ស ដែលកំពុងប្រាប់ទៅសហគមន៍អន្តរជាតិ។

យ៉ាងណា យន្តហោះ Gripens ត្រូវបានទិញក្រោមកម្មវិធីដែលថៃហៅវាថា «សន្តិភាពបូព៌ា» (Peace Burapha) ជាមួយនឹងយន្តហោះស៊ុយអែត ដែលនឹងជំនួសយន្តហោះ F-16 A/B Block 15 ADFs ផលិតដោយសហរដ្ឋអាម៉េរិក នៃកងអនុសេនាធំ១០២ មានមូលដ្ឋាននៅខេត្តនគររាជសីមា។ ទាំងនេះ គឺជាយន្តហោះរបស់អតីតកងទ័ពអាកាសអាម៉េរិក និងយន្តហោះឆ្មាំជាតិអាកាស ដែលប្រទេសថៃទទួលបាននៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយជាយន្តហោះចាស់ជាងគេក្នុងចំណោមយន្តហោះ F-16 ចំនួន៥០គ្រឿងដែលហោះហើរដោយកងទ័ពអាកាសថៃ។ ថៃមានផែនការជំនួសយន្តហោះ F-16 ទាំងអស់របស់ខ្លួន រួមទាំងយន្តហោះចម្បាំងចំនួន១៨ គ្រឿង ដែលបានឆ្លងកាត់ការធ្វើឱ្យប្រសើរឡើងវិញនៅឆ្នាំ២០៣៥។

អគ្គនាយកដ្ឋានរដ្ឋបាលសម្ភារការពារជាតិស៊ុយអែត លោក មីកែល ហ្គ្រេនហូម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត។ ទន្ទឹមនោះ ក្រុមហ៊ុន Saab បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា តម្លៃនៃការបញ្ជាទិញដែលរួមមានយន្តហោះ Gripen E បីគ្រឿង និង Gripen F មួយគ្រឿង ព្រមទាំងឧបករណ៍ ជំនួយ និងការហ្វឹកហ្វឺនមានតម្លៃជាង៥៥០លានដុល្លារ ហើយការចែកចាយនឹងធ្វើឡើងនៅឆ្នាំ២០២៥-២០៣០។ ថៃមានកងយន្តហោះចម្បាំង Gripen C/D មួយក្រុមរួចហើយ។ នៅពេលដំណើរការ យន្តហោះចម្បាំង Gripen E/F ថ្មី នឹងធ្វើប្រតិបត្តិការជាមួយកម្លាំងប្រយុទ្ធ Gripen ដែលមានស្រាប់របស់ខ្លួន។

ស្ថានទូតស៊ុយអែតប្រចាំនៅរាជធានីបាងកក បានរៀបរាប់នៅក្នុងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា៖«ការទិញ-លក់ដែលត្រូវបានចុះហត្ថលេខាស្របគ្នា នឹងមិនត្រឹមតែពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា ការអប់រំ និងការច្នៃប្រឌិត។ អស់ជាច្រើនទសវត្សរ៍មកហើយ ស៊ុយអែត និងថៃ បានសហការគ្នាក្នុងការផ្ដល់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីគាំទ្រដល់កងទ័ពភូមិន្ទថៃ ឆ្លងកាត់ផ្លូវអាកាស ផ្លូវគោក និងសមុទ្ទ។ ជាមួយគ្នា ស៊ុយអែត និងថៃ បន្តបង្កើតអនាគតនៃសន្តិសុខ វិបុលភាព និងភាពជាដៃគូយូរអង្វែង»។ នេះបើតាមមន្ត្រីទូតស៊ុយអែត។

កិច្ចព្រមព្រៀងនេះ លេចឡើងបន្ទាប់ពីថៃបានប្រើប្រាស់យន្តហោះចម្បាំង Gripen C/D ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហាក់មានប្រសិទ្ធភាពខ្ពស់ ដោយបានកត់សម្គាល់ពីការដាក់ពង្រាយសម្រាប់ការប្រយុទ្ធលើកដំបូងរបស់ Gripen ចាប់តាំងពីការហោះហើរសាកល្បងជំនាន់ដំបូងរបស់ខ្លួន ក្នុងឆ្នាំ១៩៨៨ ដែលជំរុញឱ្យរដ្ឋាភិបាលស៊ុយអែត ពិនិត្យអំពីឧប្បត្តិហេតុនេះដោយសារតែបទប្បញ្ញត្តិនាំចេញអាវុធដ៏តឹងរឹងរបស់ប្រទេសស៊ុយអែតចែងថា ការអនុញ្ញាតមិនគួរត្រូវបានផ្តល់ទៅឱ្យរដ្ឋដែលចូលរួមក្នុងជម្លោះប្រដាប់អាវុធជាមួយរដ្ឋមួយផ្សេងទៀតនោះទេ។ ប៉ុន្តែនៅទីបំផុត ស៊ុយអែត នៅតែយល់ព្រមលក់យន្តហោះចម្បាំងឱ្យយោធាថៃ ទុកសម្រាប់ឈ្លានពានកម្ពុជាដដែល ដែលស្តែងឱ្យឃើញថា បទប្បញ្ញត្តិដែលបានតាក់តែងឡើងមកនោះ គឺគ្រាន់តែជាខ្លឹមសារលម្អនៅលើក្រដាសនៃការលក់អាវុធរបស់ខ្លួនប៉ុណ្ណោះ៕


