
រាជធានីបាងកក៖ ចំពេលសភាពការណ៍សន្តិសុខព្រំដែននៅតែស្មុគស្មាញ ថៃបាននិងកំពុងពង្រីកឃ្លាំងសព្វាវុធ និងសម្រួចចង្កូមយោធារបស់ខ្លួនកាន់តែខ្លាំង។ ជាក់ស្តែង ថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយស៊ុយអែត សម្រាប់ដំណាក់កាលដំបូងនៃការបញ្ជាទិញយន្តហោះចម្បាំង Saab JAS 39 Gripen នៅថ្ងៃអង្គារទី២៦សីហាសប្តាហ៍ក្រោយ។ នេះបើយោងតាមក្រសួងការបរទេសថៃ ចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២០ ខែសីហា...។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និករតេជ ផ្លាងកូ (นิกรเดช พลางกูร ) បានអះអាងកាលពីថ្ងៃពុធទី២០សីហាថា ប្រទេសទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួញដូរមួយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស ស្ងៀមពង្ស ទៅកាន់ប្រទេសស៊ុយអែត ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៤ ខែសីហាសប្តាហ៍នេះ។ ការប្រញាប់ប្រញាល់ទិញយន្តហោះបន្ថែម កើតឡើងក្រោយយោធាថៃ មើលឃើញពីអនុភាពរបស់វាក្នុងសង្គ្រាមឈ្លានពានមកលើព្រំដែនប្រទេសកម្ពុជា ទន្ទឹមនឹងយន្តហោះចម្បាំង F-16 ជិតដល់ពេលចូលនិវត្តន៍។

តើមានហេតុផលអ្វី ថៃសម្រេចចិត្តទិញយន្តហោះចម្បាំង Saab JAS 39 Gripen ជំនួស F-16 របស់អាម៉េរិក និងRafale របស់បារាំង? ត្រកូលយន្តហោះចម្បាំង Gripen គឺ Saab JAS 39 ជាយន្តហោះចម្បាំងដ៏មានឥទ្ធិពល សមត្ថភាពខ្លាំង និងមានតម្លៃទាប បើធៀបនឹងយន្តហោះចម្បាំងទំនើបមួយចំនួនផ្សេងទៀត។ ម៉ាស៊ីនធំប្រភេទ General Electric F414 អមជាមួយសមត្ថភាពវាយប្រហារខ្លាំង និងស៊ីប្រេងតិច គឺជាចំណុចខ្លាំងរបស់អ្នកប្រមាញ់លើវេហាមួយនេះ ធ្វើឱ្យថៃលេបទឹកមាត់ចង់បានវាភ្លាមៗ។ Saab JAS 39 Gripen មានឧបករណ៍ចាប់សញ្ញាដ៏ទូលំទូលាយ ភ្ជាប់ជាមួយរ៉ាដា Leonardo ES-05 Raven AESA និងរ៉ាដា Leonardo Skyward G IRST រួមជាមួយប្រព័ន្ធសង្គ្រាមពហុមុខងារអេឡិចត្រូនិចទំនើបៗ។ វាមានសមត្ថភាពពាំគ្រាប់បែកធុនធ្ងន់ និងសាហាវជាច្រើនប្រភេទ រួមទាំងការបាញ់មីស៊ីលពីលើអាកាសឆ្ពោះទៅរកដៃគូ និងពីលើអាកាសទៅដី បានចំគោលដៅច្បាស់លាស់ និងអាចកំណត់គោលដៅជុំវិញខ្លួនវារហូតដល់ទៅ៣៦០ដឺក្រេ។

Saab JAS 39 Gripen មិនធម្មតាឡើយ! ភាពមិនធម្មតារបស់វានៅត្រង់ថា វាមិនមែនជាយន្តហោះចម្បាំងបំបាំងកាយទេ ប៉ុន្តែវាអាចវាយប្រហារ និងកម្ទេចយន្តហោះបំបាំងកាយ ដែលហោះសំកាំងលាក់បាំងខ្លួននៅលើអាកាសបាន។ បើប្រៀបធៀបនឹង F-16 Block 70 វាមានសមត្ថភាពខ្លាំង និងខ្ពស់ជាង ព្រោះវាអាចផ្ទុកអាវុធធុនធ្ងន់ ទំនើប និងបានច្រើនជាង។ គួរបញ្ជាក់ថា ចាប់តាំងពីថៃបើកប្រតិបត្តិការឈ្លានពានព្រំដែនកម្ពុជា ថៃបានសម្រុកធ្វើទំនើបកម្មយោធារបស់ខ្លួនកាន់តែខ្លាំង រួមទាំងការអនុម័តលើការបញ្ជាទិញអាវុធទំនើបៗបន្ថែមទៀត ដូចជា យន្តហោះ Gripen ពីស៊ុយអែត, នាវាមុជទឹកពីចិន, ការអភិវឌ្ឍយន្តហោះចម្បាំង Alpha Jet TH, និងការធ្វើទំនើបកម្មយន្តហោះគ្មានមនុស្សបើក ឬដ្រូនវាយប្រហារជាដើម៕



