
រដ្ឋធានីវ៉ាស៊ីនតោន៖ ទីបំផុត កាលបរិច្ឆេទនៃជំនួបកំពូលរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ត្រូវបានកំណត់ហើយ។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៥ ខែមីនាថា លោកនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅថ្ងៃទី១៤ និង ១៥ ខែឧសភាខាងមុខ...។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាម៉េរិក ទៅកាន់រដ្ឋធានីប៉េកាំង ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារសង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងឆាបឆេះយ៉ាងខ្លាំង។ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បញ្ជាក់ថា ក្រុមការងារនៃប្រទេសទាំងពីរ កំពុងសម្រេចកិច្ចការចុងក្រោយសម្រាប់ «ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ» នេះ ហើយលោកក៏មានគម្រោងអញ្ជើញ លោក ស៊ី ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនវិញផងដែរ នៅចុងឆ្នាំនេះ។ លោក ត្រាំ បានបង្ហាញក្ដីរំពឹងខ្ពស់ថា ជំនួបមហាយក្សសេដ្ឋកិច្ចទាំងពីរ នឹងក្លាយជា «ព្រឹត្តិការណ៍ដ៏មហិមា» មួយ ខណៈភាគីខាងចិនមិនទាន់បានផ្ដល់ព័ត៌មានលម្អិតអ្វីឡើយ ដោយសាររដ្ឋធានីប៉េកាំងមានទម្លាប់មិនបញ្ចេញកាលវិភាគរបស់មេដឹកនាំខ្លួន មុនច្រើនថ្ងៃនោះទេ។

ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរស្ថិតក្នុងភាពតានតឹងខ្លាំង។ កាលពីខែកុម្ភៈកន្លងទៅ តុលាការកំពូលអាម៉េរិក បានកាត់បន្ថយអំណាចរបស់ប្រធានាធិបតីក្នុងការដាក់ពន្ធគយ ជាឧបករណ៍សំខាន់របស់លោក ត្រាំ ក្នុងការចរចាពាណិជ្ជកម្មជាមួយចិន។ លើសពីនេះ ប្រតិបត្តិការយោធារួមរវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានក្លាយជាចំណុចជម្លោះថ្មីជាមួយរដ្ឋធានីប៉េកាំង ដោយសារចិន គឺជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់។ ជំនួបនៅខែឧសភាខាងមុខ នឹងក្លាយជាការជួបពិភាក្សាដោយផ្ទាល់លើកដំបូង រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីជំនួបនៅប្រទេសកូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំមុន ដែលកាលនោះពួកគេបានព្រមព្រៀងគ្នា លើការប្រកួតប្រជែងនៃសង្គ្រាមពាណិជ្ជកម្ម។ អ្នកវិភាគយល់ថា លោក ត្រាំ កំពុងព្យាយាមបង្ហាញពីទំនុកចិត្តក្នុងការគ្រប់គ្រងសង្គ្រាមនៅមជ្ឈិមបូព៌ាផង និងគ្រប់គ្រងទំនាក់ទំនងដ៏ស្មុគស្មាញជាមួយចិន ក្នុងពេលតែមួយផង៕



