
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចេះចាប់យកឱកាសដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ យ៉ាងណា ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា រដ្ឋមន្រ្តីក្រសួងសង្គ្រាមអាម៉េរិក កំពុងសម្ដែងការខកចិត្តទៅវិញ នៅពេលដឹងថា ដំណោះស្រាយសន្តិភាពអាចនឹងជិតមកដល់។

លោក វ៉ាង យី បានប្រាប់លោក អាបាស អារ៉ាក់ឈី (Abbas Araghchi) រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ថា កិច្ចពិភាក្សា តែងតែល្អជាងការច្បាំងគ្នា។ លោកបន្ថែមថា៖«បញ្ហាក្ដៅគគុកទាំងអស់ គួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា និងការចរចា មិនមែនតាមរយៈការប្រើប្រាស់កម្លាំងបាយនោះឡើយ»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃទី២៥ ខែមីនា លោក អារ៉ាក់ឈី បានឆ្លើយតបវិញថា៖«ការរំពឹងទុកយ៉ាងមុតមាំរបស់អ៊ីរ៉ង់ ចំពោះបណ្តារដ្ឋជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ជាពិសេសប្រទេសចិន និងរុស្ស៊ី គឺការទប់ស្កាត់សហរដ្ឋអាម៉េរិក កុំឱ្យបន្តបំពានលើក្រុមប្រឹក្សានេះទៀត ដោយត្រូវប្រកាន់ជំហររឹងមាំក្នុងការថ្កោលទោសចំពោះការឈ្លានពានរបស់សហរដ្ឋអាម៉េរិក និងរបបស៊ីយ៉ូនីស (zionist)»។

ទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃពុធទី២៥ ខែមីនានេះថា រដ្ឋមន្ត្រីសង្គ្រាមរបស់លោក គឺលោក ផេត ហេកសិត (Pete Hegseth) បែរជាខកចិត្តទៅវិញ ចំពោះគំនិតនៃការចរចាឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ លោក ត្រាំ បន្តថា៖ «ផេត ហេកសិត មិនចង់ឱ្យវាចប់ត្រឹមហ្នឹងទេ។ ពួកគេ មិនចាប់អារម្មណ៍លើការសម្រុះសម្រួលឡើយ។ ពួកគេចាប់អារម្មណ៍តែលើការយកឈ្នះក្នុងរឿងនេះឱ្យបានទាំងស្រុងតែប៉ុណ្ណោះ»។

គួរជម្រាបថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈមក កងទ័ពសហរដ្ឋអាម៉េរិកចំនួន១៣នាក់បានបាត់បង់ជីវិត និង២៩០នាក់ផ្សេងទៀតបានរងរបួស។ យោងតាមអ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន៣៥នាក់មិនទាន់អាចត្រឡប់មកបំពេញការងារវិញបាននៅឡើយទេ៕



