ឥណ្ឌូណេស៊ីសម្រេចទិញប្រព័ន្ធមីស៊ីល BrahMos ពីឥណ្ឌា ទប់ទល់រលកនៃភាពតានតឹងសកល
ហៀប ស៊ីថេត
4 ម៉ោងមុន

រដ្ឋធានីហ្សាកាតា៖ អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក រីកូ រីខាដូ ស៊ីរ៉េត (Rico Ricardo Sirait) បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទទី៩ ខែមីនាថា ប្រទេសឥណ្ឌូណេស៊ី បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីល BrahMos ស្របពេលស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកច្របូកច្របល់...។

លោក រីកូ បានបញ្ជាក់កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះ ជាផ្នែកមួយនៃទំនើបកម្មគ្រឿងយុទ្ធោបករណ៍ និងសមត្ថភាពការពារជាតិ ជាពិសេស នៅក្នុងវិស័យដែនសមុទ្ទ ហើយការបញ្ជាទិញនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងវិស័យការពារជាតិ។ ប្រព័ន្ធអាវុធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពទប់ស្កាត់ និងការពារអធិបតេយ្យភាពជាតិឥណ្ឌូណេស៊ី ចំពេលសញ្ញាអាសន្ននៃសង្គ្រាមសកលកំពុងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ លោក រីកូ មិនបានបញ្ជាក់ពីតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះទេ។

សូមរំឭកថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន BrahMos ដែលបានបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី បានបង្ហើបថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាយ៉ាងស៊ីជម្រៅជាមួយរដ្ឋធានីហ្សាការតា លើកិច្ចព្រមព្រៀងមានតម្លៃចន្លោះពី២០០លានទៅ ៣៥០លានដុល្លារអាម៉េរិក។ គេនៅចាំបានថា មីស៊ីល BrahMos បានសម្រេចកិច្ចព្រមព្រៀងក្រៅប្រទេសលើកដំបូងរបស់ខ្លួនជាមួយប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២២ ក្នុងតម្លៃប្រហែល៣៧៥លានដុល្លារ សម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាឈរជើងលើដីគោក។ គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីលនេះ មានសមត្ថភាពអាចបាញ់ចេញពីដីគោក ពីអាកាស ពីនាវាចម្បាំង និងចេញពីនាវាមុជទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត