ឥណ្ឌូណេស៊ីប្រកាសដកខ្លួនចេញពី«ក្រុមប្រឹក្សាសន្តិភាព» ប្រសិនបើមិនជួយប៉ាឡេស្ទីន
ហៀប ស៊ីថេត
18 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានផ្តល់ការធានាដល់ក្រុមមូស្លីមថា លោកនឹងដកខ្លួនចេញពី «ក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace» របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រសិនបើក្រុមប្រឹក្សានេះ មិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសុក្រទី៦ ខែមីនា...។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ (កណ្តាល)
លោក ប្រាបូវ៉ូ ស៊ូបៀនតូ (កណ្តាល)

លោក ប្រាបូវ៉ូ បានជួបប្រជុំជាមួយមេដឹកនាំក្រុមសាសនាផ្សេងៗ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៥មីនា ដើម្បីបញ្ជាក់ជាថ្មីអំពីហេតុផលដែលលោកសម្រេចចិត្តចូលរួមក្នុងក្រុមប្រឹក្សានេះ។ យោងតាមសេចក្តីថ្លែងការណ៍ចេញពីការិយាល័យទំនាក់ទំនងរដ្ឋាភិបាល បានសម្រង់សម្តីលោកប្រធានាធិបតីថា៖«ប្រជាជន និងក្រុមសាសនាឥណ្ឌូណេស៊ី មិនសប្បាយចិត្តទេ ព្រោះពួកគេយល់ថា អាម៉េរិកំពុងជួយអ៊ីស្រាអែលច្បាំងជាមួយអ៊ីរ៉ង់ និងប៉ាឡេស្ទីន។ ដូច្នេះ ការដែលឥណ្ឌូណេស៊ីទៅចូលរួមជាមួយអាម៉េរិក ហាក់ដូចជាបោះបង់ប៉ាឡេស្ទីនចោល»។

ក្រុមប្រឹក្សាអូឡេម៉ាឥណ្ឌូណេស៊ី (Indonesian Ulema Council) ជាស្ថាប័នបុព្វជិតដ៏មានឥទ្ធិពល ធ្លាប់បានអំពាវនាវឱ្យឥណ្ឌូណេស៊ីចាកចេញពីក្រុមប្រឹក្សានេះ ដោយសារតែតួនាទីរបស់សហរដ្ឋអាម៉េរិក នៅក្នុងសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចពិភាក្សាទាំងអស់នៅក្នុង«ក្រុមប្រឹក្សាសន្តិភាព» ត្រូវបានផ្អាកជាបណ្ដោះអាសន្នរួចទៅហើយ ដោយសារតែស្ថានភាពសង្រ្គាម។ គេនៅចាំបានថា កាលពីពេលថ្មីៗ ឥណ្ឌូណេស៊ី ជាប្រទេសមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេបំផុតលើពិភពលោក បានសម្រេចចិត្តចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ រួមទាំងការសម្រេចចិត្តបញ្ជូនកងទ័ព សម្រាប់កម្លាំងរក្សាសន្តិសុខនៅតំបន់ហ្កាហ្សាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត