
រដ្ឋធានីហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី ដាក់ចេញគោលការណ៍ឱ្យមន្ត្រីរដ្ឋធ្វើការពីផ្ទះ១ថ្ងៃក្នុង១សប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាត់បន្ថយការប្រើប្រាស់ថាមពលជាតិ។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន ឥណ្ឌូណេស៊ីកំពុងដាក់ឱ្យអនុវត្តវិធានការសន្សំសំចៃថាមពលជាបន្តបន្ទាប់នៅក្នុងវិស័យសំខាន់ៗ ដើម្បីពង្រឹងសន្តិសុខថាមពល និងរក្សាស្ថិរភាពសេដ្ឋកិច្ច ចំពេលពិភពលោកកំពុងជួបប្រទះភាពមិនច្បាស់លាស់។ ផែនការថ្មីនេះ នឹងអនុញ្ញាតឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះចំនួន១ថ្ងៃ ក្នុងចំណោមថ្ងៃធ្វើការទាំង៥ថ្ងៃ ក្នុង១សប្តាហ៍ ដែលវិធានការនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈយ៉ាងច្រើន។

រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធកំពុងស្ថិតក្នុងដំណាក់កាលសម្រេចចុងក្រោយលើការរៀបចំបច្ចេកទេសសម្រាប់អនុវត្តគម្រោងនេះ។ លោក អ៊ែឡាំងហ្កា ហាថាតូ (Airlangga Hartarto) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានបញ្ជាក់ថា វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តចំពោះមន្ត្រីរាជការជាមុនសិន មុននឹងឈានទៅដល់ការពង្រីកវិសាលភាពគ្របដណ្ដប់លើវិស័យឯកជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនោះ លោក ថេតឌី អ៊ីនត្រា វីចាយ៉ា (Teddy Indra Wijaya) លេខាធិការគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី បានឱ្យដឹងថា លោកប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានចេញបញ្ជាឱ្យបណ្តារដ្ឋមន្ត្រីទាំងអស់រៀបចំគោលនយោបាយសន្សំសំចៃថាមពលឱ្យមានប្រសិទ្ធភាពបំផុត ក្រោយជំនួបនៅវិមានប្រធានាធិបតី។ នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានាធិបតី បានពិនិត្យយ៉ាងដិតដល់លើរបាយការណ៍ស្ដីពីកិច្ចខិតខំប្រឹងប្រែងធានាសន្តិសុខថាមពលជាតិ ជាពិសេសក្នុងបរិបទដែលការផ្គត់ផ្គង់ និងតម្លៃថាមពលសកល អាចនឹងរងការរអាក់រអួលដោយសារជម្លោះនៅមជ្ឈិមបូព៌ា។

យោងតាមលេខាធិការដ្ឋានប្រធានាធិបតី វិធានការទាំងនេះមានគោលដៅរក្សាការផ្គត់ផ្គង់ថាមពលឱ្យមាននិរន្តរភាព និងគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានភាពសកល រួមទាំងការប្រែប្រួលនៃតម្លៃប្រេង និងភាពតានតឹងភូមិសាស្ត្រនយោបាយ ហើយនឹងបន្តកែសម្រួលវិធានការផ្សេងៗ ដើម្បីធានាឱ្យបាននូវភាពធន់នៃសេដ្ឋកិច្ច និងសន្តិសុខថាមពលក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕




