វត្តមានកំពូលតារាភាពយន្ត អេនជេលីណា ជូលី ជាសារប្រាប់ពិភពលោកថា «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព»
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ បើកទំព័រឆ្នាំ២០២៦ កំពូលតារាសម្ដែងហូលីវូដ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) បានហោះមកប្រទេសកម្ពុជា ដែលប្រៀបបានជាសារមួយបង្ហាញទៅពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពផ្តល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរ..។

ពេលមកដល់កម្ពុជា លោកស្រី អេនជេលីណា ជូលី ក៏បានទៅធ្វើទស្សនកិច្ចនៅវិទ្យាល័យសំឡូត ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១មេសា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី ប្រាប់អង្គភាព SBM News តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២មេសានេះថា៖«វត្តមានរបស់លោកស្រី Angelina Jolie នៅពេលនេះ បានផ្តល់រូបភាពវិជ្ជមានខ្លាំងដល់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដែលបង្ហាញទៅកាន់ពិភពលោកថា [កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ] សម្រាប់ភ្ញៀវទេសចរគ្រប់រូប»។ កត្តាទាំងនេះ ជាសក្ខីភាពបញ្ជាក់ថា កម្ពុជា ជាទឹកដីអច្ឆរិយ ដែលមានភាពភាពកក់ក្ដៅ និងសុវត្ថិភាពខ្ពស់ ហើយពោរពេញដោយស្នាមញញឹមរួសរាយរាក់ទាក់ រង់ចាំស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី។

លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍
លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍

គេធ្លាប់ឮ និងនៅចាំ! លោកស្រី អេនជេលីណា ជូលី ហៅថា កម្ពុជា ថាជាផ្ទះទីពីររបស់លោកស្រី និងជាទឹកដី ដែលតារាលំដាប់ពិភពលោករូបនេះ ទទួលបានសញ្ជាតិខ្មែរផងដែរ។ លោកស្រី អេនជេលីណា ជូលី ត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានសញ្ជាតិខ្មែរក្នុងឆ្នាំ២០០៥ បន្ទាប់ពីលោកស្រី បានបំពេញការងារសប្បុរសធម៌ និងបង្កើតមូលនិធិ មែដដុក ជូលី-ភីត (Maddox Jolie-Pitt) ដើម្បីជួយកិច្ចការអភិរក្សបរិស្ថាន សុខាភិបាល និងការអប់រំនៅក្នុងខេត្តបាត់ដំបង៕

លោកស្រី អេនជេលីណា ជូលី 
លោកស្រី អេនជេលីណា ជូលី 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត