
រាជធានីភ្នំពេញ៖ ក្នុងខែមីនា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតក្មេងចាស់រហូតដល់១០៧នាក់ ខណៈជាង២០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី១មេសា។

របាយការណ៍បង្ហាញថា គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១មីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងសរុប១៨៤ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់ ១០៧នាក់ និងរងរបួស២៥៧នាក់។ បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយ បានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។

ពាក់ព័ន្ធករណីនេះ កាលពីរសៀលថ្ងៃទី៣១មីនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវ និងទទូចឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹក និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំ លើកលែងតែករណីបើកបរមានជាតិស្រវឹង (ដែលត្រូវដោះស្រាយតាមច្បាប់)។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើង ត្រឹមតែដើម្បីគេចវេះពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិកាដ៏ចម្បង ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល។

សូមរំឭកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន២០២ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤១៧នាក់។ ដោយឡែក រយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២៥ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន១៤០០នាក់ និងរងរបួសជាង៣០០០នាក់ ហើយភាគច្រើនជាអ្នកធ្វើដំណើរនៅពេលយប់ និងធ្វើដំណើរដោយម៉ូតូ៕




