
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានប្រកាសយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក នឹងធ្វើការពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការណាតូ នៅពេលសង្គ្រាមប្រឆាំងអ៊ីរ៉ង់ត្រូវបានបញ្ចប់...។

លោក ម៉ាកូ រូប៊ីអូ ថ្លែងបែបនេះក្នុងបទសម្ភាសមួយ ដោយបានចោទសួរចំៗអំពីតម្លៃនៃសម្ព័ន្ធភាពយោធាមួយនេះ សម្រាប់សហរដ្ឋអាម៉េរិក។ មន្ត្រីការទូតកំពូលរបស់មន្ទីរបច្ចកោណរូបនេះ សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសមាជិកណាតូមួយចំនួនដែលបានបដិសេធមិនឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ព ឬដែនអាកាសរបស់ខ្លួន សម្រាប់ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។ លោក រូប៊ីអូ បានសង្កត់ធ្ងន់ថា៖«ប្រសិនបើយើងឈានដល់ចំណុចមួយដែលសម្ព័ន្ធភាពណាតូ មិនអាចឱ្យយើងប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះ ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកបានទេ នោះណាតូ ជាផ្លូវមួយទិស»។ លោកបន្ថែមដោយភាពម៉ឺងម៉ាត់ថា ប្រសិនបើសម្ព័ន្ធមិត្តឆ្លើយថា «ទេ» នៅពេលដែលសហរដ្ឋអាម៉េរិកត្រូវការប្រើប្រាស់មូលដ្ឋានទ័ព នោះសំណួរត្រូវសួរ គឺថា៖«ហេតុអ្វីបានជាយើងនៅតែស្ថិតក្នុងសម្ព័ន្ធណាតូតទៅទៀត..?»

ការព្រមានដ៏ក្ដៅគគុកនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ថា ប្រទេសអ៊ីតាលី បានបដិសេធមិនឱ្យយន្តហោះយោធាសហរដ្ឋអាម៉េរិកចុះចត ខណៈកំពុងធ្វើដំណើរទៅកាន់បេសកកម្មនៅមជ្ឈិមបូព៌ា ហើយ អេស្ប៉ាញ ក៏បានប្រកាសបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះសហរដ្ឋអាម៉េរិក ដែលចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ផងដែរ។ លោក រូប៊ីអូ បញ្ជាក់ថា ទោះបីជាលោកធ្លាប់ជាអ្នកគាំទ្រណាតូដ៏ខ្លាំងក្លាម្នាក់ កាលពីនៅជាសមាជិកព្រឹទ្ធសភាក៏ដោយ ប៉ុន្តែនៅទីបញ្ចប់ ការសម្រេចចិត្តថា តើត្រូវបន្ត ឬបញ្ចប់ទំនាក់ទំនងជាមួយសម្ព័ន្ធភាពអាយុ៧៧ឆ្នាំមួយនេះ គឺស្ថិតនៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ទាំងស្រុង៕



