លោក ត្រាំ អះអាងថា អ៊ីរ៉ង់សុំចុះចាញ់ តែតេហេរ៉ង់តបវិញដោយគ្រា.ប់មីស៊ីលយ៉ាងសន្ធាប់
N
Nary Vann
6 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២ ខែមេសានេះ បានអះអាងថា មេដឹកនាំអ៊ីរ៉ង់បានទាក់ទងទៅលោក ដើម្បីស្នើសុំ «បទឈប់បាញ់»។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងនេះ ត្រូវបានភាគីអ៊ីរ៉ង់ចេញមុខច្រានចោលទាំងស្រុង និងបានឆ្លើយតបវិញដោយការបាញ់ស្រោចមីស៊ីលទៅលើមូលដ្ឋានទ័ពអាម៉េរិក និងអ៊ីស្រាអែល ដើម្បីបញ្ជាក់ថា ខ្លួនមិនទាន់ចុះចាញ់នោះឡើយ។​

តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានសរសេរក្នុងន័យបង្អាប់សត្រូវថា អ៊ីរ៉ង់ពិតជាចង់បានសន្តិភាពណាស់ ប៉ុន្តែលោកបានដាក់លក្ខខណ្ឌដាច់ខាតថា បទឈប់បាញ់នឹងមិនអាចកើតឡើងបានទេ ដរាបណាច្រកសមុទ្ទហ័រមូស្ស មិនត្រូវបានបើកឡើងវិញ។ លោកបានព្រមានយ៉ាងខ្លាំងៗថា៖«យើងនឹងបន្តបាញ់កម្ទេចអ៊ីរ៉ង់ឱ្យរលាយបាត់រូប ឬរុញពួកគេឱ្យត្រឡប់ទៅយុគសម័យថ្មរម្លីងវិញ ប្រសិនបើផ្លូវទឹកអន្តរជាតិនៅតែបន្តបិទបែបនេះ»។ ​ផ្ទុយស្រឡះពីការលើកឡើងរបស់លោក ត្រាំ រដ្ឋធានីតេហេរ៉ង់ បានប្រកាសថា គ្មានឡើយការចរចា ឬការសុំអង្វរណាមួយនោះ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគៀន (Masoud Pezeshkian) បានឆ្លើយតបវិញដោយការចោទសួរពលរដ្ឋអាម៉េរិកអំពីតម្លៃនៃសង្រ្គាមនេះ និងបានបញ្ជាឱ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បង្ហោះដ្រូន និងមីស៊ីលវាយប្រហារលើគោលដៅអាម៉េរិកនៅតំបន់ឈូងសមុទ្ទភ្លាមៗ។

សកម្មភាពវាយបកនេះ ចង់បង្ហាញទៅលោក ត្រាំ វិញថា អ៊ីរ៉ង់នៅតែមានកម្លាំងតដៃ ហើយការអះអាងរបស់សេតវិមានដែលថាអ៊ីរ៉ង់សុំចុះចាញ់ គ្រាន់តែជាការភូតកុហកប៉ុណ្ណោះ។ សង្រ្គាមព័ត៌មាននេះ បានកើតឡើងចំពេលដែលច្រកសមុទ្ទហ័រមូស្សដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក នៅតែបន្តបិទជិត បណ្ដាលឱ្យតម្លៃប្រេងហក់ឡើងកប់ពពក និងធ្វើឱ្យពិភពលោកទាំងមូលស្ថិតក្នុងភាពភ័យខ្លាច ខណៈមេដឹកនាំនៃប្រទេសទាំងពីរមិនព្រមថយក្រោយម្នាក់មួយជំហានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត