
មជ្ឈិមបូព៌ា៖ ស្របពេលសហរដ្ឋអាម៉េរិក កំពុងរៀបចំផែនការសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធាជើងគោកកម្ទេចអ៊ីរ៉ង់ អ្នកជំនាញយោធាបានលើកឡើងថា កងទ័ពអ៊ីស្រាអែល ទំនងជាមិនបញ្ជូនកងកម្លាំងថ្មើរជើងទៅចូលរួមជាមួយអាម៉េរិកច្បាំងកម្ទេចអ៊ីរ៉ង់ដោយផ្ទាល់នោះទេ។ យ៉ាងណា បញ្ហានេះ បានបង្កឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់ប្រជាជនអាម៉េរិក។ ហេតុអ្វីបានជាអ៊ីស្រាអែលសូញសាញ មិនចង់ជួយអាម៉េរិកច្បាំងកម្ទេចអ៊ីរ៉ង់តាមជើងគោក..? តើមានកត្តាអ្វីខ្លះដែលអ៊ីស្រាអែលព្រួយបារម្ភ..?

ជុំវិញរឿងរ៉ាវខាងលើ អ្នកវិភាគយល់ឃើញថា ទោះអ៊ីស្រាអែលមិនបញ្ចូនកងទ័ពជើងគោកជួយសហរដ្ឋអាម៉េរិកក៏ដោយ ក៏អ៊ីស្រាអែលបានដើរតួនាទីយ៉ាងសំខាន់រួចទៅហើយ ក្នុងការបើកផ្លូវឱ្យយោធាសហរដ្ឋអាម៉េរិក។ ជាក់ស្តែង នៅដើមសង្រ្គាម អ៊ីស្រាអែលបានជួយកម្ទេចប្រព័ន្ធរ៉ាដាការពារអាកាសរបស់អ៊ីរ៉ង់ និងផ្តាច់ជីវិតមេដឹកនាំកំពូលៗជាបន្តបន្ទាប់ រួមទាំង លោក អាលី ខាមេណី ផងដែរ។ គ្រប់គ្នាប្រាកដជាដឹងហើយថា អ៊ីស្រាអែលមានឧត្តមភាពលើផ្នែកចារកម្ម និងការវាយប្រហារតាមអាកាស ដូច្នេះ អ៊ីស្រាអែលប្រាកដជាបានចែករំលែកទិន្នន័យចារកម្មសំខាន់ៗអំពីឃ្លាំងអាវុធអ៊ីរ៉ង់, តំបន់កោះខាក(Kharg) ដែលជាមជ្ឈមណ្ឌលនាំចេញប្រេង៩០ភាគរយ និងច្រកសមុទ្ទហ័រមូស្ស ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនជាក់ជាមិនខាន។ នេះមានន័យថា អ៊ីស្រាអែលមិនចាំបាច់បញ្ចូនយោធាទៅជួយសហរដ្ឋអាម៉េរិកកម្ទេចអ៊ីរ៉ង់តាមជើងគោកទេ ដោយគ្រាន់តែផ្តល់រូបមន្តទៅយោធាសហរដ្ឋអាម៉េរិក ដើម្បីដោះស្រាយសមីការនេះ គឺគ្រប់គ្រាន់ហើយ។

លើសពីនេះ អ្នកជំនាញបានលើកឡើងពីកត្តាសំខាន់ៗផងដែរថា អ៊ីស្រាអែលមិនចង់ជួយសហរដ្ឋអាម៉េរិកកម្ទេចអ៊ីរ៉ង់តាមជើងគោកទេ ព្រោះអ៊ីស្រាអែលត្រូវនៅការពារទឹកដីខ្លួនឯង។ បច្ចុប្បន្ន អ៊ីស្រាអែលកំពុងជាប់ដៃយ៉ាងមមាញឹកក្នុងប្រតិបត្តិការនៅលីបង់ខាងត្បូង ដើម្បីកម្ទេចក្រុមហេសបូឡាហ៍ និងនៅតំបន់ហ្កាហ្សា ដើម្បីជីករំលើងឫសគល់ក្រុមហាម៉ាស រួមទាំងភាពតានតឹងនៅតំបន់វេស្ដប៊ែង (West Bank) ផងដែរ។ ការទប់ទល់សត្រូវជុំទិសបែបនេះហើយ ទើបទាមទារឱ្យអ៊ីស្រាអែលប្រើប្រាស់កងកម្លាំងយោធាច្រើន ធ្វើឱ្យអ៊ីស្រាអែលគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់បញ្ជូនទៅជួយសហរដ្ឋអាម៉េរិក ដើម្បីកម្ទេចអ៊ីរ៉ង់ឡើយ។ ដូច្នេះ ការរក្សាកម្លាំងការពារផ្ទះ គឺជាអាទិភាពខ្ពស់បំផុត ដែលមិនអាចខ្វះបាន។ គួររំឭកថា ស្រដៀងទៅនឹងសង្រ្គាមឈូងសមុទ្ទឆ្នាំ១៩៩១ដែរ អ៊ីស្រាអែលអាចនឹងជ្រើសរើសមិនបង្ហាញមុខជាចំហក្នុងក្បួនប្រតិបត្តិការសឹកជើងគោករបស់សហរដ្ឋអាម៉េរិក ដើម្បីជៀសវាងភាពរកាំរកូស និងភាពស្មុគស្មាញផ្នែកនយោបាយក្នុងតំបន់។

យ៉ាងណាក៏ដោយ ថ្មីៗនេះ ផ្ទុះការរិះគន់ជាខ្លាំងក្នុងចំណោមពលរដ្ឋអាម៉េរិកជាច្រើននាក់ ព្រោះពួកគេយល់ថា យោធាសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជំនួសផលប្រយោជន៍របស់អ៊ីស្រាអែល ខណៈការស្ទង់មតិបង្ហាញថា ជនជាតិអាម៉េរិកភាគច្រើនប្រឆាំងនឹងសង្រ្គាមនេះ ព្រោះពួកគេយល់ថា សហរដ្ឋអាម៉េរិកកំពុងគាំទ្រអ៊ីស្រាអែលខ្លាំងហួសហេតុពេក។ ម្ល៉ោះហើយ ទើបប្រជាជនអាម៉េរិកជាង៨លាននាក់ចេញមុខតវ៉ាដូចព្យុះសង្ឃរានៅទូទាំងរដ្ឋរបស់សហរដ្ឋអាម៉េរិក ជុំវិញប្រតិបត្តិការសង្គ្រាមកម្ទេចរបបតេហេរ៉ង់។ គួរបញ្ជាក់ឡើងវិញថា ការបង្ហាញពីគោលជំហររបស់អ៊ីស្រាអែល មិនបញ្ចូនទ័ពទៅជួយសហរដ្ឋអាម៉េរិកដោយផ្ទាល់ មិនមែនមានន័យថា រដ្ឋធានីហ្ស៊េរុយសាឡិម ឱបដៃឈរមើលនោះទេ ប៉ុន្តែវាជាការបែងចែកភារកិច្ចរៀងៗខ្លួន។អ៊ីស្រាអែលផ្តល់ចារកម្ម និងផ្តាច់ជីវិតក្បាលម៉ាស៊ីនដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ រីឯសហរដ្ឋអាម៉េរិកប្រើកម្លាំងបាយគ្រប់គ្រងស្ថានការណ៍ជើងគោក ដើម្បីកម្ទេចអ៊ីរ៉ង់ឱ្យរាបដល់ដី ដូចខ្លួនធ្លាប់បានធ្វើដាក់អ៊ីរ៉ាក់៕






