ការវាយប្រហាររបស់អាម៉េរិក អ៊ីរ៉ង់ត្រូវចំណាយពេល២០ឆ្នាំទើបអាចងើបមុខរួចវិញ
N
Nary Vann
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងក្រអឺតក្រទម និងបង្កប់ដោយមហិច្ឆតាជ័យជម្នះថា សមត្ថភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានកម្ទេចឱ្យរលាយ និងត្រូវចំណាយពេលយ៉ាងហោចណាស់ពី១៥ទៅ២០ឆ្នាំ ទើបអាចកសាងឱ្យរីកចម្រើនឡើងវិញ...។

ក្នុងជំនួបជាមួយក្រុមអ្នកយកព័ត៌មាន លោក ត្រាំ បានអះអាងដោយមោទកភាព ថា ប្រតិបត្តិការវាយប្រហាររួមគ្នារវាងអាម៉េរិក-អ៊ីស្រាអែល បានធ្វើឱ្យរបបតេហេរ៉ង់ធ្លាក់ចូលក្នុងស្ថានភាពដុនដាបបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ មេដឹកនាំអាម៉េរិករូបនេះ បានរៀបរាប់ពីទិដ្ឋភាពនៃភាពខ្ទេចខ្ទីរបស់សត្រូវ ដោយប្រើពាក្យសម្ដីធ្ងន់ៗថា៖«យើងបានធ្វើឱ្យពួកគេត្រឡប់ទៅក្រោយវិញ។ វាជាការខូចខាតដែលត្រូវចំណាយពេល១៥ទៅ២០ឆ្នាំ ដើម្បីឱ្យពួកគេអាចកសាងអ្វីដែលយើងបានបំផ្លាញចោលបានឡើងវិញ»។ លោកបានបន្តសង្កត់ធ្ងន់ថា បច្ចុប្បន្ន អ៊ីរ៉ង់គ្មានសល់អ្វីទាំងអស់ មិនថាកងទ័ពជើងទឹក កងទ័ពជើងគោក កងទ័ពអាកាស ប្រព័ន្ធទូរគមនាគមន៍ ឬសូម្បីតែប្រព័ន្ធការពារដែនអាកាស ហើយសូម្បីតែជួរថ្នាក់ដឹកនាំ ក៏ត្រូវបានកម្ទេចចោលដែរ។

ទោះបីជាស្ថានភាពសង្រ្គាមកំពុងស្ថិតក្នុងភាពតានតឹងបំផុតក៏ដោយ លោក ត្រាំ នៅតែបង្ហាញជំហររឹងមាំ និងមិនខ្វល់ខ្វាយពីការចរចាសន្តិភាពឡើយ ដោយលោកបានបញ្ជាក់យ៉ាងដាច់អហង្កាថា៖«ប្រសិនបើពួកគេព្រមមកតុចរចា វាជារឿងល្អ! ប៉ុន្តែវាមិនមែនជាបញ្ហាសំខាន់ឡើយ ទោះជាពួកគេមក ឬមិនមកតុចរចាក៏ដោយ»។ សម្ដីដ៏មុតស្រួចនេះ បានបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់រដ្ឋបាល ត្រាំ គឺមិនត្រឹមតែចង់បំបាក់អ៊ីរ៉ង់ក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែ..គឺចង់លុបបំបាត់ឥទ្ធិពលយោធារបស់ប្រទេសនេះ ឱ្យបាត់ពីផែនទីមជ្ឈិមបូព៌ារហូតដល់រាប់សិបឆ្នាំទៅមុខទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត