
រដ្ឋធានីតេហេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសដាក់ចេញនូវវិធានការសងសឹកដ៏សាហាវបំផុត ដោយកំណត់គោលដៅវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់សហរដ្ឋអាម៉េរិក រួមមាន៖ Apple, Google, Meta និងក្រុមហ៊ុនយក្សចំនួន១៥ផ្សេងទៀត...។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ័យខ្លាច កាលពីថ្ងៃទី៣១ ខែមីនា ភាគីអ៊ីរ៉ង់បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះគឺជា«ភ្នាក់ងារមរណៈ» ដែលបានផ្ដល់ទិន្នន័យ និងរៀបចំផែនការតាមដាន ដើម្បីធ្វើឃាតមេដឹកនាំកំពូលៗរបស់ខ្លួន រួមមាន៖ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) និងមេបញ្ជាការ មហាម៉ាត ប៉ាក់ពួរ (Mohammad Pakpour) ដែលបានបាត់បង់ជីវិតតាំងពីដើមសង្រ្គាម។ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមេសានេះតទៅ (ម៉ោងនៅអ៊ីរ៉ង់) អង្គភាពពាក់ព័ន្ធនៃក្រុមហ៊ុនទាំង១៨ ដែលក្នុងនោះមានទាំង Microsoft, Tesla, Nvidia និង Intel ត្រូវរង់ចាំទទួលនូវការបំផ្លិចបំផ្លាញជាថ្នូរនូវរាល់ការធ្វើឃាតមន្ត្រីអ៊ីរ៉ង់នីមួយៗ។ អ៊ីរ៉ង់បានបង្គាប់ឱ្យបុគ្គលិកទាំងអស់ ចាកចេញពីកន្លែងធ្វើការជាបន្ទាន់ ហើយថែមទាំងបានព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមហ៊ុនទាំងនោះ ក្នុងចម្ងាយ១គីឡូម៉ែត្រ ឱ្យជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព ដើម្បីជៀសផុតពីការវាយប្រហារដែលនឹងឈានចូលមកដល់។

ស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបង្ហាញរូបភាពនៃកិច្ចការការទូតដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែយោធាអ៊ីរ៉ង់ហាក់មិនមានជំនឿចិត្តឡើយ ដោយពួកគេបានចាប់ផ្តើមវាយបកតាមរយៈការបញ្ជូនដ្រូនទៅវាយប្រហារលើមជ្ឈមណ្ឌលឧស្សាហកម្ម និងទូរគមនាគមន៍សំខាន់ៗក្នុងប្រទេសអ៊ីស្រាអែល រួមមាន៖ ក្រុមហ៊ុន Siemens និង AT&T រួចជាស្រេចទៅហើយ។ ភាពតានតឹងដែលកំពុងឆាបឆេះនេះ បានរុញច្រានឱ្យសង្រ្គាមអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលមិនត្រឹមតែប្រយុទ្ធគ្នានៅលើសមរភូមិផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងគំរាមកំហែងដល់ស្ថិរភាពនៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលទូទាំងសកលលោកទាំងមូល៕



