
បទបរិយាយ៖ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ការអនុវត្តច្បាប់ និងកាតព្វកិច្ចរបស់មន្រ្តី ឬអាជ្ញាធរមានសមត្ថកិច្ច កំពុងត្រូវបានយកមកវែកញែក និងបង្កជាចម្ងល់ដល់មហាជន។ អ្នកវិភាគបញ្ហាសង្គម សង្កេតឃើញថា ករណីមួយចំនួនទាល់តែមានបទបញ្ជាពីថ្នាក់ដឹកនាំ ទើបមន្រ្តីចាប់ផ្តើមអនុវត្ត និងដាក់ចេញនូវចំណាត់ការ។ តើហេតុអ្វីបានជាវប្បធម៌ «ទាល់តែថ្នាក់ដឹកនាំចេញបញ្ជា ទើបមន្រ្តីនាំគ្នាផ្តើមធ្វើការ» កើតមាននៅកម្ពុជា ហើយថាតើវប្បធម៌នេះ នឹងបង្កជាផលប៉ះពាល់ដល់សង្គមជាតិបែបណា?

ជាក់ស្តែង កាលពេលថ្មីៗនេះ មួយក្នុងចំណោមករណីជាច្រើន គឺករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងធ្ងន់ធ្ងរ ដោយជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនប្រុសលោកស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តបុកមនុស្សស្លាប់ដល់ទៅ៥នាក់(ម្នាក់ក្នុងផ្ទៃ)។ ករណីនេះ ធ្វើឱ្យផ្ទុះការវែកញែកពីសំណាក់ប្រជាជនមួយចំនួនធំ ព្រោះសមត្ថកិច្ចពុំទាន់ស្រាវជ្រាវរកជនបង្កមកដាក់ទោសបាន រហូតដល់មានបទបញ្ជា និងការអន្តរាគមន៍បន្ថែមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះដោះស្រាយ ទាំងដែលសមត្ថកិច្ចមានតួនាទីដោះស្រាយស្រាប់ទៅហើយ។ ថ្លែងប្រាប់អង្គភាព SBM News នៅថ្ងៃពុធទី១មេសា ឆ្នាំ២០២៦នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្លឹងឃើញថា អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចមួយចំនួន មានទម្លាប់អាក្រក់មួយនៅតែបន្តឫសគល់ តាំងពីសម័យសម្តេចតេជោ រហូតដល់សម័យសម្តេចតេជោធិបតី គឺទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបស្ទុះស្ទាមានចំណាត់ការ។

លោកចាត់ទុកថា បញ្ហានេះកើតឡើងដោយសារតែមន្រ្តីអនុវត្តការងារ ចង់បិតបាំង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន, មានបណ្តាញបក្ខពួក, ការជួយគ្នាទៅវិញទៅមករវាងមន្រ្តី និងជនបង្ក និងគំនិតអាត្មានិយមរបស់មន្រ្តីផ្ទាល់ ដែលមិនធ្វើអ្វីទៅតាមតួនាទី មនសិកា និងក្រមសីលធម៌ វិជ្ជាជីវៈ របស់ខ្លួន។ លោកក៏មើលឃើញទៀតថា៖«ចំណាត់ការទាំងនោះ គឺប្រៀបដូចជាការអង្គុយពន្លត់ភ្លើង ពោលគឺធ្វើឡើងដើម្បីបង្ក្រាបកម្តៅមតិសាធារណៈបានតែមួយឆាវ រួចក៏ស្ងាត់បាត់ទៅវិញ ឬពេលខ្លះស្ថានភាពក្រោយចំណាត់ការកាន់តែអាក្រក់ជាងមុនទៅទៀត»។ ក្រៅពីសមត្ថកិច្ច លោកសង្កេតឃើញថា សាធារណជនវិញ ក៏ហាក់មានចរិតឆាប់ឆេះ តែឆាប់រលត់ដូចភ្លើងចម្បើង ឈូឆរបានតែមួយឆាវ រំលងបានតែពីរបីសប្តាហ៍ ឬយ៉ាងយូរមួយខែ អ្វីៗក៏រសាត់បាត់តាមខ្យល់អស់ដែរ។ លោកបានលើកយកឧទាហរណ៍ពីករណីមួយចំនួន ដូចជា ករណីឧកញ៉ាដីខ្យល់, ផ្ទះខ្យល់នៅខេត្តកំពត និងរាជធានីភ្នំពេញ, ករណីហ៊ុនខ្យល់, ករណីចាក់ដីចូលទន្លេនៅស្រីសន្ធរ, ករណីដីឡូតិ៍នៅភ្នំតាម៉ៅ, ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។

លោកចោទសួរថា៖«តើចំណាត់ការចុងក្រោយទៅជាយ៉ាងណា? តើការកាត់ទោសបានអនុវត្តដោយតម្លាភាពដែរ ឬទេ? តើជនល្មើសបានទទួលទោស និងជាប់ពន្ធនាគារពិតប្រាកដឬទេ?..»។ លោកថា ភាពស្រពេចស្រពិល និងការឆាប់ភ្លេចរបស់សង្គមបែបនេះហើយ ដែលជួយសម្រួលផ្លូវឱ្យមនុស្សខូចនៅតែខូច, អ្នកបោកប្រាស់នៅតែបោកប្រាស់, អ្នករងគ្រោះនៅតែរងគ្រោះ។ ជាលទ្ធផល សង្គមជាតិទាំងមូលត្រូវវិលវល់ក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់ដដែលៗ។ ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម និងទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ SBM News ដែរថា ទម្លាប់នេះ មិនមែនទើបតែកើតមានឡើងនៅពេលបច្ចុប្បន្ននោះទេ គឺមានករណីមួយចំនួនកើតឡើងតាំងពីយូរមកហើយ។ លោកអះអាងថា តួនាទីជាមន្រ្តី ជាក់ស្តែង ដូចករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីនគរបាលមានសិទ្ធិ និងមានកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការអនុវត្តការងារដូចដែលមានចែង ដោយមិនត្រូវចាំទាល់តែមានបទបញ្ជា ឬអន្តរាគមន៍បន្ថែម ទើបមានចំណាត់ការនោះទេ។

លោកចាត់ទុកថា វប្បធម៌នេះ ធ្វើឱ្យប៉ះពាល់ដល់សង្គម ពីព្រោះនៅពេលដែលអាជ្ញាធរមិនបំពេញការងារដោយសកម្ម និងទំនួលខុសត្រូវ ប្រាកដជានឹងធ្វើឱ្យប្រជាពលរដ្ឋនៅបន្តទទួលរងភាពអយុត្តិធម៌ ហើយទំនុកចិត្តរបស់ពលរដ្ឋទៅលើអាជ្ញាធរ ក៏បាត់បង់ ហើយឈានរហូតដល់បាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាលផងដែរ។ លោកសង្កត់ធ្ងន់ថា៖«[ភាគីពាក់ព័ន្ធ] ត្រូវតែត្រួតពិនិត្យមើល ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ រឹតបន្តឹងការបំពេញការងាររបស់មន្រ្តីថ្នាក់ក្រោមជាតិ ឬថ្នាក់លើក៏ដោយ ត្រូវត្រួតពិនិត្យមើលទាំងអស់ បើសិនជានៅកែលម្អបាន នៅអប់រំបាន ដាស់តឿនបានយើងបន្តអប់រំដាស់តឿន ប៉ុន្តែបើអប់រំលែងបាន គឺត្រូវតែហ៊ានអនុវត្តច្បាប់ ត្រូវតែហ៊ានកាត់សាច់ស្អុយចេញ។ បើសិនជាទុកសាច់ស្អុយហ្នឹង ទុកមេរោគហ្នឹង រាងកាយនឹងស្លាប់ហើយ»។ លោកអះអាងថា ក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលត្រូវតែហ៊ានអនុវត្តច្បាប់ទៅលើមន្រ្តីដែលមានកំហុស រួមទាំងប្រជាជន ព្រោះប្រសិនមិនដាក់វិធានការនោះទេ រាជរដ្ឋាភិបាលមិនអាចគ្រប់គ្រង និងដឹកនាំប្រទេសបានឡើយ ព្រោះច្បាប់លែងមានប្រសិនភាព ហើយប្រជាពលរដ្ឋឈប់ទុកចិត្តអាជ្ញាធរ៕




