
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា លើសពីនេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជាជំនួយដល់កម្ពុជាច្រើនដែរ...។

សម្ដេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱកាសជួបជាមួយ លោក កាយ៉ាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ សម្ដេចតេជោ បានគូសបញ្ជាក់ កាលពីនៅជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគ ទៅលើសហគ្រាសខ្នាតតូច និងមធ្យម។ ដោយសម្ដេច ជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ប្រធានសមាគមជប៉ុន-កម្ពុជា គូសបញ្ជាក់ថា សក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាចំណុចស្នូលសមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ហើយសមាគមរបស់លោក ក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យម នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លោកបន្ថែមថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដូច្នេះ បូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជា បង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញទៅក្រៅប្រទេស៕




