អ៊ីស្រាអែលទម្លាក់គ្រាប់ដូចទឹកភ្លៀងលើរដ្ឋធានីតេហេរ៉ង់ ​ខណៈសង្គ្រាមធ្លាយដល់គុយវ៉ែត ឯប៉ាគីស្ថានប្រឹងរកផ្លូវចរចាសន្តិភាព
ហៀប ស៊ីថេត
3 ម៉ោងមុន

មជ្ឈិមបូព៌ា៖ តើភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចមរណ ឬយ៉ាងណា? ទន្ទឹមនឹងស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែស្រួចស្រាវទៅៗ នៅក្នុងរបត់ដ៏គ្រោះថ្នាក់ថ្មី ខណៈការវាយប្រហារតាមអាកាស បានផ្ទុះរីករាលដាលដូចលាច នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ...។

អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកយ៉ាងកំរោលលើរដ្ឋធានីតេហេរ៉ង់ តែអ៊ីរ៉ង់បែរកាណុងមីស៊ីលទៅវាយប្រហារលើគុយវ៉ែតយ៉ាងសន្ធាប់ ធ្វើឱ្យសង្គ្រាមកូនកាត់មួយនេះឆេះសន្ធោសន្ធៅកាន់តែខ្លាំង។ រីឯប្រទេសប៉ាគីស្ថាន ប្រឹងប្រែងស្វែងរកផ្លូវចរចាសន្តិភាព ស្របពេលព្យុហយាត្រាទ័ពសហរដ្ឋអាម៉េរិកទៅដល់តំបន់ផុយស្រួយនេះ ត្រៀមលេងឈុតធំ ខណៈតម្លៃប្រេងឆៅបានហក់ឡើងដល់ជាង១១៦ដុល្លារក្នុងមួយបារ៉ែល។ ជាក់ស្តែង កងកម្លាំងអ៊ីស្រាអែល បានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសាហាវព្រឺព្រួចដូចភ្លៀងរលឹម ជាង១៤០លើក ទៅលើគោលដៅយោធាក្នុងរដ្ឋធានីតេហេរ៉ង់ និងទីក្រុងតាប្រីហ៍ (Tabriz) បង្កឱ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង។ ជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារទីតាំងសំខាន់ៗ និងជ្រុលទៅវាយប្រហារលើស្ថានីយអគ្គិសនី និងស្ថានីយចម្រោះទឹកស្អាតនៅប្រទេសគុយវ៉ែត បណ្ដាលឱ្យកម្មករជនជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត ខណៈបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្ទ បើកភ្នែកធំៗមើលមុខគ្នា។

នៅឯភាគខាងត្បូងអ៊ីស្រាអែលឯណេះវិញ មីស៊ីលរបស់អ៊ីរ៉ង់បានហោះពីបំពង់ ទៅធ្លាក់ចំរោងចក្រគីមីក្បែរទីក្រុងប៊ៀរហ្សេវ៉ា(Beer Sheva) បង្កជាអគ្គិភ័យ និងការភ័យខ្លាចជាខ្លាំង ជុំវិញការលេចធ្លាយសារធាតុពុល។ ជាមួយគ្នា​ ក្រុមហ៊ូធីនៅយេម៉ែន ក៏បានចាប់ផ្តើមបើកការវាយប្រហារដោយដ្រូនទៅលើអ៊ីស្រាអែល ជាលើកដំបូង ដើម្បីជួយបងធំរបស់ខ្លួនគឺអ៊ីរ៉ង់។ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល! ពុះកញ្ជ្រោលក៏ព្រោះតែកងទ័ពសហរដ្ឋអាម៉េរិក៣៥០០នាក់ បានជិះនាវាចម្បាំងយូអេសអេស ទ្រីប៉ូលី (USS Tripoli) ទៅដល់តំបន់មជ្ឈិមបូព៌ាហើយ។ ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) បាននិយាយទាំងកំហឹងថា រដ្ឋធានីវ៉ាស៊ីនតោន កំពុងលួចរៀបចំផែនការវាយលុកតាមជើងគោក ប៉ុន្តែយ៉ាងណា អ៊ីរ៉ង់នឹងមិនបន្ទន់ជង្គង់ ឱនក្បាលចុះចាញ់សហរដ្ឋអាម៉េរិកឡើយ។

ចំណែកឯ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ពឹកមុខ ព្រោះមនុស្សរាប់លាននាក់បានចេញមុខតវ៉ាប្រឆាំងនឹងលោកនៅតាមដងផ្លូវ ក្នុងទីក្រុងធំៗនៃសហរដ្ឋអាម៉េរិក ចំពោះប្រតិបត្តិការសង្គ្រាមវាយប្រហារលើអ៊ីរ៉ង់។ ចំពេលដែលសង្រ្គាមកំពុងឡើងកម្តៅដូចបាយពុះ ប៉ាគីស្ថាន ​បានប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ជាក់ស្តែង បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេហ្ស៊ីប តួកគី និងអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីសាក់ ដារ៍ (Ishaq Dar) បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ បន្ទាប់ពីត្រូវបានបិទខ្ទប់ជិតឈឹងពីសំណាក់ឆ្មាំយោធាបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ តាំងពីចុងខែកុម្ភៈមកម្ល៉េះ។ ដូច្នេះ តើភាគីជម្លោះ នឹងយល់ព្រមដាក់គូទអង្គុយលើតុចរចា ស្របតាមការអំពាវរបស់ប៉ាគីស្ថានដែរឬទេ..? ឬមួយក៏បន្តសាចគ្រាប់មីស៊ីលដាក់គ្នាបន្តទៀត?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត