
រាជធានីភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ វត្តមានជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលមានឪពុកជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មិនបានបង្ហាញខ្លួនតាមកាលកំណត់ឡើយ ខណៈកម្លាំងសមត្ថកិច្ច កំពុងសហការគ្នា តាមរុករកក្មេងប្រុសអាយុ២០ឆ្នាំរូបនោះ។ យ៉ាងណា ករណីខាងលើនេះ កំពុងដើរតាមលំអានករណីយុវជនម្នាក់ បើករថយន្តលិចស៊ីស NX ២០០t បុកម៉ូតូ១គ្រឿងលើស្ពានជ្រោយចង្វា បណ្ដាលឱ្យទារកអាយុ៦០ថ្ងៃបាត់បង់ជីវិត ខណៈជនបង្កមិនត្រូវបានរកឃើញ មកទទួលទោសទណ្ឌ...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក អ៊ិម កុសល ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានគូសបញ្ជាក់យ៉ាងដូច្នេះថា ជាវិធានការបន្ទាប់របស់សមត្ថកិច្ចជំនាញ បាននិងកំពុងកសាងសំណុំរឿងជនបង្កបើកបររថយន្តបុកមនុស្សស្លាប់៦នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នា អ្នកនាំពាក្យរូបនេះ បន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចជំនាញ ក៏មិនបោះបង់ចោលដែរ និងកំពុងសហការគ្នាជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ តាមរុករកជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ នេះផងដែរ។

ជុំវិញដំណឹងខាងលើ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងទន្ទឹងរង់ចាំមើលថា តើក្មេងប្រុសដែលមានវ័យត្រឹមតែ២០ឆ្នាំនេះ អាចរត់គេចពីក្រសែភ្នែកសមត្ថកិច្ចជំនាញបានដល់ពេលណាទៀត..? ខណៈពលរដ្ឋមួយចំនួន បានប្រដូចរឿងនេះ ជាមួយករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយុវជនម្នាក់ បើករថយន្តម៉ាក លិចស៊ីស NX ២០០t ពាក់ស្លាកលេខ ភ្នំពេញ ២BB-៩៩៨៩ បុកពីក្រោយចំម៉ូតូមួយគ្រឿងពេញទំហឹងលើស្ពានជ្រោយចង្វា ដោយបានឆក់យកជីវិតទារកអាយុ៦០ថ្ងៃម្នាក់ កាលពីកំលុងឆ្នាំ២០២២ ដែលគិតមកទល់ពេលនេះ មិនទាន់ឃើញជនបង្កមកទទួលទោសឡើយ ពោលគឺបានត្រឹមតែបញ្ជូនសំណុំរឿងទទេ ទៅកាន់ស្ថាប័នតុលាការប៉ុណ្ណោះ។ តើគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង អាចជាករណីទី២ ដែលម្ចាស់រត់គេចមិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ហើយស្ងប់ស្ងាត់ដូចករណីនៅស្ពានជ្រោយចង្វាដែរឬទេ?..៕








