
ក្រុងក្រចេះ៖ ព្រះវិហារបុរាណវត្តរកាកណ្ដាល សំណង់បេតិកភណ្ឌដ៏សំខាន់មួយនៅក្នុងខេត្តក្រចេះ មានអាយុកាលជាង១០០ឆ្នាំ ត្រូវបានអ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួសជុលរួចរាល់ទាំងស្រុងហើយ…។

មន្រ្តីក្រសួងវប្បធម៌ បានឱ្យដឹងថា ព្រះវិហារបុរាណវត្តរកាកណ្ដាល ត្រូវបានជួសជុលចំនួន២លើក ដោយលើកទី១នៅក្នុងខែកញ្ញា ឆ្នាំ២០០២ និងលើកទី២ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ ក្រោយបញ្ចប់ការជួសជុល លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូបនៅព្រះវិហារបុរាណនេះ តាមប្រពៃណីទំនៀមទម្លាប់។

ព្រះវិហារបុរាណវត្តរកាកណ្ដាល ដែលមានអាយុកាលជាង១០០ឆ្នាំ គឺជាសំណង់បេតិកភណ្ឌដ៏សំខាន់មួយដែលបង្ហាញពីស្ថាបត្យកម្ម និងសិល្បៈខ្មែរក្នុងតំបន់ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ បើតាមក្រសួងវប្បធម៌ គំនូរ និងចម្លាក់ដែលឆ្លាក់លើឈើយ៉ាងប្រណីត នៃព្រះវិហារនេះ មានតម្លៃខ្លាំងសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរ។ ស្របពេលការជួសជុលបញ្ចប់ជាស្ថាពរ ព្រះវិហារបុរាណវត្តរកាកណ្តាល គឺជាតំបន់ទេសចរណ៍វប្បធម៌មួយដែលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មិនគួរមើលរំលង៕








