
រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងត្រូវយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងក្រើនរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ជាពិសេស កំលុងពេលចាក់ចេញពីលំនៅឋាន...។

ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍«នគរសង្រ្កាន្ត» កាលពីថ្ងៃទី៣១មីនា លោក ជួន ណារិន្ទ ជំរុញដល់មន្ត្រីពាក់ព័ន្ធឱ្យចុះផ្សព្វផ្សាយរំឭកដល់ពលរដ្ឋពីបញ្ហាអគ្គិភ័យ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងថា៖«[មន្រ្តីពាក់ព័ន្ធត្រូវ] ចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ, ត្រូវណែនាំឱ្យមានការចាក់សោបិទទ្វារផ្ទះឱ្យបានត្រឹមត្រូវ ការពារទ្រព្យសម្បត្តិមុនបងប្អូនដើរលេងចាកចេញពីផ្ទះ»។ ក្នុងន័យនេះ លោក បញ្ជាកម្លាំងជំនាញឱ្យពង្រឹងការល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានឱ្យបានជាប្រចាំ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រៀមរថយន្តបង្ការពន្លត់អគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ក្នុងករណីកើតមានឡើងជាយថាហេតុ។

ក្នុងពេលជាមួយគ្នា លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ដោះស្រាយសម្រួលចរាចរណ៍ ជាពិសេស រំហូរចេញពីរាជធានី នៅពេលចរាចរណ៍មានភាពមមាញឹកតាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។ ក្រៅពីនេះ ជំនាញព្រហ្មទណ្ឌ ជំនាញសន្តិសុខ ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ត្រូវពង្រឹងបង្កើនសមត្ថភាព គ្រប់គ្រងតាមដានក្តោបសភាពការណ៍ការងារសន្តិសុខឱ្យបានម៉ឺងម៉ាត់ ជាពិសេស រាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរលួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ មួយវិញទៀត លោកជំរុញឱ្យពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរង់ចាំទទួលបទបញ្ជាពង្រឹងអនុវត្តរៀបចំផែនការសកម្មភាពការពារ ទៅតាមមូលដ្ឋាន និងគោលដៅ នានាដូចជាវត្តអារាម កន្លែងសប្បាយ រមណីយដ្ឋាន ដោយត្រូវចាត់កម្លាំងចុះអនុវត្តត្រួតពិនិត្យឱ្យបានច្បាស់លាស់៕











