
រាជធានីភ្នំពេញ៖ បុរសជនជាតិចិន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ខណៈកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួនធំ ក៏ត្រូវបានរឹបអូសផងដែរ...។

សកម្មភាពនៃការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យនៅបុរីហ្រ្គេនភ្នំពេញ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលសុទ្ធសឹងជាជនជាតិចិនរួមមាន៖ ១.ឈ្មោះ លូ ទ័នហ្ស៊ូ (LUO TIAN ZHU), ២.ឈ្មោះ លី ហ្គ័ង (LI GANG), ៣.ឈ្មោះ ចាង ចេនសៀង (ZHANG CHENXIANG) និង៤.ឈ្មោះ វ៉ាង ហ្សាវពីង (WANG XIAOBING)។

ក្រោយការបង្រ្កាប សមត្ថកិច្ចជំនាញបានបន្តធ្វើការដកហូតថ្នាំញៀនប្រភេទម្សៅ និងសារធាតុរាវមានអក្សរ Ketmaine រួមទាំងអាវុធខ្លីចំនួន២ដើមផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕




