
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំឭកឱ្យមន្រ្តីចាត់ទុកមតិយោបល់ និងសំណូមពររបស់ពលរដ្ឋ ជាកញ្ចក់កែលម្អ និងពង្រឹងគុណភាពសេវា ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផល ការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៦។

ថ្លែងក្នុងកម្មវិធី លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានកោតសរសើរ និងចាត់ទុកលទ្ធផលឆ្នាំ២០២៥ នៃយន្តការច្រកចេញចូលតែមួយ ជាការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ការខិតខំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម។ យ៉ាងណា លោកគូសបញ្ជាក់ថា៖«រាល់មតិយោបល់ និងសំណូមពរដែលបានលើកឡើង គឺជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ យកមកធ្វើជាមូលដ្ឋានក្នុងការបង្កើតគោលការណ៍ និងវិធានការដោះស្រាយ គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី»។

ជាមួយគ្នា លោកណែនាំដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យបន្តសហការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ពន្លឿនការបញ្ជូនឯកសារបទដ្ឋានបច្ចេកទេស និងការបណ្ដុះបណ្ដាលមន្ត្រីឱ្យកាន់តែមានសមត្ថភាព។ ដោយឡែក សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ លោក បានដាក់ចេញនូវទិសដៅអនុវត្តបន្ត ក្នុងនោះត្រូវពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាពមន្ត្រីនៅតាមការិយាល័យច្រកចេញចូលតែមួយ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងរៀបចំស្លាកសញ្ញាបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងតម្លាភាព។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ការផ្ដល់សេវារដ្ឋបាលមានចំនួនសរុបជិត ៥លានសេវា។ ក្រសួងមហាផ្ទៃចាត់ទុក លទ្ធផលនេះ សបញ្ជាក់ឱ្យឃើញថា យន្តការនេះបានផ្លាស់ប្ដូរការបម្រើសេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាព៕




