
កំពង់ស្ពឺ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់លោក មិន ហេង ស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពីបទបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ឱ្យអ្នកដទៃស្លាប់ និងរបួស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការចេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ដូចក្នុងរបាយការណ៍របស់សមត្ថកិច្ចជំនាញដែរ អយ្យការ អះអាងថា លោក មិន ហេង វ័យ៥៦ឆ្នាំ មានជាតិអាកុល០,៩២មិល្លីក្រាមក្នុង១លីត្រខ្យល់។ យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ស្មៀនឃុំប្រមឹកមិនចេះគិតពីអាយុជីវិតគេរូបនេះ ប្រឈមជាប់ទោសពី២ឆ្នាំដល់៥ឆ្នាំ។ ក្រោយសាកសួរ និងចោទប្រកាន់រួច អយ្យការ ក៏បញ្ជូនជនត្រូវចោទទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។

សូមរម្លឹកថា កាលពីល្ងាចម៉ោង៦កន្លះ ថ្ងៃទី២៧ ខែមីនា លោក មិន ហេង បានបើករថយន្តទាំងស្រវឹងជោកជាំ ហើយបានបុកម៉ូតូ២គ្រឿងយ៉ាងពេញទំហឹង នៅលើផ្លូវលេខ១៤៣ ជិតរង្វង់មូលវិមានឯករាជ្យ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកបើកម៉ូតូជាបុរសម្នាក់វ័យ៤៥ឆ្នាំ បានបាត់បង់ជីវិតភ្លាមៗ ហើយអ្នកបើកម៉ូតូម្នាក់ទៀតជាស្រ្តីវ័យ២៧ឆ្នាំ រងរបួសស្រាល។

មានពលរដ្ឋបង្ហោះលើបណ្តាញសង្គម និងមានសារព័ត៌មានខ្លះ ផ្សាយថា ពេលបើកបុកគេហើយ លោក មិន ហេង ក៏បើកកិនបន្ថែមទៀត ទើបបណ្តាលឱ្យបុរសអ្នកបើកម៉ូតូនោះ ត្រូវបាត់បង់ជីវិត។ គេមិនដឹងថា ពិត ឬមិនពិតនោះទេ ព្រោះសមត្ថកិច្ច ពុំបានបញ្ជាក់ត្រង់ចំណុចនេះឡើយ ហើយក៏ពុំមានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺដែរ៕






