តើអ៊ីរ៉ង់លាក់អាវុ.ធនៅកន្លែងណាខ្លះ បានជាអាម៉េរិក-អ៊ីស្រាអែលវា.យមួយខែហើយ នៅតែមិនទាន់អស់..?
ហៀប ស៊ីថេត
14 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ស្របពេលសង្រ្គាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល កម្ទេចអ៊ីរ៉ង់ បានអូសបន្លាយអស់រយៈពេលមួយខែ ស្រាប់តែរបាយការណ៍ចារកម្មមួយ បង្ហាញការពិតដ៏គួរឱ្យភ្ញាក់ផ្អើល ដែលផ្ទុយស្រឡះពីការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នាពេលកន្លងមក។ បើទោះបីជាអ៊ីរ៉ង់បង្ហោះដ្រូចដូចឃ្មុំ និងបាញ់មីស៊ីលដូចព្យុះសំដៅទៅកាន់សត្រូវជារៀងរាល់ថ្ងៃក៏ដោយ ក៏ឃ្លាំងអាវុធ និងមីស៊ីលរបស់អ៊ីរ៉ង់នៅតែជាចុតហ្មាយមច្ចុរាជគំរាមកំហែងដល់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល...។

យោងតាមការចុះផ្សាយដោយកាសែតរ៉យទ័រ និង The Guardian ក្នុងចំណោមមីស៊ីល និងដ្រូនទាំងអស់របស់អ៊ីរ៉ង់ សហរដ្ឋអាម៉េរិកអាចកម្ទេចបានត្រឹមតែប្រហែល ១ភាគ៣ ឬស្មើ៣៣ភាគប៉ុណ្ណោះ។ ចំណែកឯពីរភាគទៀត ត្រូវបានគេជឿថា រងការខូចខាតតិចតួច ប៉ុន្តែនៅសល់ជាងមួយភាគបីចុងក្រោយ គឺកំពុងត្រូវបានរក្សាទុកយ៉ាងសុវត្ថិភាពនៅក្នុងរូងក្រោមដីដ៏ជ្រៅ ដែលយន្តហោះចម្បាំងអាម៉េរិក និងអ៊ីស្រាអែល ពិបាកនឹងចូលកម្ទេចបាន។

កន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសទាំងមោទនភាពថា៖«អ៊ីរ៉ង់នៅសល់មីស៊ីលតិចតួចបំផុត។ ទោះបីយើងបំផ្លាញបាន៩៩ភាគរយក៏ដោយ ក៏កម្រិត១ភាគរយដែលនៅសល់ គឺនៅតែជាគ្រោះថ្នាក់បំផុត ព្រោះវាអាចបាញ់កម្ទេចនាវាដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់យើងបានយ៉ាងងាយ» ប៉ុន្តែយ៉ាងណាក៏ដោយ ផ្ទុយស្រឡះពីវោហាសាស្ត្ររបស់លោក ត្រាំ អ៊ីរ៉ង់នៅតែមានស្តុកមីស៊ីលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយនៅតែអាចប្រយុទ្ធតតាំងជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានដដែល។ រដ្ឋមន្រ្តីក្រសួងសង្គ្រាមអាម៉េរិក លោក ភេត ហេកសិត បានលើកឡើងថា បណ្តាញក្រោមដីរបស់អ៊ីរ៉ង់ខ្វាត់ខ្វែង និងមានភាពស្មុគស្មាញនៅតែជាបញ្ហាប្រឈមធំបំផុតក្នុងប្រវត្តិសាស្ត្រយោធាសហរដ្ឋអាម៉េរិក។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

មែនទែនទៅ អ៊ីរ៉ង់បានបំបែកទីតាំងបាញ់មីស៊ីលនៅទូទាំងប្រទេស និងលាក់ទុកក្រោមរូងភ្នំជ្រៅៗ ដែលធ្វើឱ្យទ័ពអាកាសអាម៉េរិក និងអ៊ីស្រាអែលពិបាកក្នុងការស្វែងរក និងកម្ទេច។ នេះហើយគឺជាមូលហេតុដែលសហរដ្ឋអាម៉េរិក កំពុងពិចារណាប្រើប្រាស់កងទ័ពជើងគោក រួមមាន៖ កងទ័ពឆត្រយោងពិសេសលេខ៨២ ដើម្បីចុះទៅកម្ទេចអាវុធទាំងនោះដល់ទីតាំងផ្ទាល់។ សំណួរសួរថា តើសហរដ្ឋអាម៉េរិកនឹងត្រូវចំណាយជីវិតយោធាជើងគោកប៉ុន្មាននាក់ ដើម្បីអាចចូលទៅកម្ទេចទីតាំងមីស៊ីលក្រោមដីរបស់អ៊ីរ៉ង់បាន? ខណៈអ៊ីរ៉ង់បានត្រៀមកងទ័ពដល់ទៅ១លាននាក់ រង់ចាំស្វាគមន៍យោធាសហរដ្ឋអាម៉េរិកពេលចុះទៅមាត់រូងរបស់ពួកគេ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត