
ឧត្តរមានជ័យ៖ កុមារាអាយុ៣ឆ្នាំម្នាក់ រស់នៅក្នុងភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានតេស្តរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ ហាស់៥ អ៊ិន១ (H5N1) កាលពីថ្ងៃទី២៩មីនា ឆ្នាំ២០២៦ បន្ទាប់ពីមានករណីមាន់ទាងាប់…។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃអង្គារទី៣១មីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ និងទា ហើយក្នុងនោះមានមាន់ឈឺ និងងាប់មួយចំនួន។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅ មន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាមីហ្វ្លូ (Tamiflu) ព្រមទាំងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។ ជាមួយគ្នានោះ ក្រសួងបានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួង និងថ្នាក់ក្រោមជាតិ កំពុងសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្ដ្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លងទាំងលើសត្វ ទាំងមនុស្ស និងស្វែងរកករណីសង្ស័យនឹងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្វ្លូ ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួង ក្រើនរំលឹកសាជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕




