
ក្រុងសៀមរាប៖ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា ប្រកាសរៀបចំ«មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន»រយៈពេលពីរថ្ងៃ នៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប...។

ក្រសួងទេសចរណ៍ជូនដំណឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិថា «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន» នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២មីនា នៅវេលាម៉ោង៦ល្ងាច ដោយមានការសម្ដែងសិល្បៈរួមគ្នាពីក្រុមសិល្បករ-សិល្បការិនីកម្ពុជា និងចិន រួមជាមួយការដង្ហែក្បួនសិល្បៈ។ ចំពោះគោលដៅរៀបចំមហោស្រពវិញ ក្រៅតែពីជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទេសចរណ៍ទ្វេភាគី វាក៏ជាឱកាសសម្រាប់កម្ពុជា ផ្សព្វផ្សាយការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន កាន់លិខិតឆ្លងដែនចិន(PRC)ទាំងអស់ ក្នុងរយៈពេលស្នាក់នៅកម្ពុជាចំនួន១៤ថ្ងៃ នៅចន្លោះថ្ងៃទី១៥មិថុនា ដល់ថ្ងៃទី១៥តុលា ឆ្នាំ២០២៦ សំដៅទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាបន្ថែម។

ក្នុងន័យនេះ ក្រសួងទេសចរណ៍អំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជនចូលរួមដោយឥតគិតថ្លៃឱ្យបានច្រើនកុះករ ហើយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ឱ្យបានទូលំទូលាយនូវ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន»៕





