
រាជធានីភ្នំពេញ៖ លោកឧបនាយកករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញបញ្ជាឱ្យលោក ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ប្រញាប់នាំកូនប្រុសខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាម្ចាស់រថយន្តបុកមនុស្សស្លាប់ដល់ទៅ៦នាក់ ចូលទៅទទួលខុសត្រូវចំពោះមុខច្បាប់។ បទបញ្ជានេះ ត្រូវបានលោក រ៉េន រតនៈ ជំនួយការរបស់លោកស សុខា យកមកបង្ហោះលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី៣១មីនានេះ។

បើតាមសាររបស់លោក រ៉េន រតនៈ ដដែល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ក្នុងបញ្ជីខ្មៅ ដើម្បីរារាំងមិនឱ្យលួចចាកចេញពីប្រទេសកម្ពុជាឡើយ។ ជាមួយគ្នា រដ្ឋមន្រ្តីមហាផ្ទៃ ជឿថា លោកស្នងការរងក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា។

ការលើករបស់រដ្ឋមន្រ្តីមហាផ្ទៃនៅពេលនេះ គឺបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជាឱ្យលោកឧបនាយកករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវរកឱ្យឃើញអ្នកបើកបររថយន្តបុកមនុស្សស្លាប់៦នាក់ ដើម្បីយកមកអនុវត្តច្បាប់ និងផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

បន្ថែមលើនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ SBM News តាមតេឡេក្រាមនៅរសៀលថ្ងៃដដែលនេះថា បើឪពុកម្ដាយសហការជាមួយសមត្ថកិច្ច ក្នុងការនាំខ្លួនកូនជាម្ចាស់រថយន្តបង្កគ្រោះថ្នាក់នោះ មកទទួលខុសត្រូវចំពោះមុខច្បាប់មុនថ្ងៃកំណត់របស់សមត្ថកិច្ច គឺជារឿងល្អ ប៉ុន្តែក្នុងករណីលើសកាលកំណត់ សមត្ថកិច្ចជំនាញ នឹងចាត់ការតាមនីតិវិធីយ៉ាងតឹងរុឹងបំផុតផងដែរ។ ទោះយ៉ាងណា លោក ទូច សុខៈ ផ្តល់ព័ត៌មានថា ស្នងការរងខេត្តបន្ទាយមានជ័យជាឪពុក យល់ព្រមចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ខណៈកូនប្រុសខ្លូនជាជនសង្ស័យ បាត់ខ្លួនមិនដឹងទៅណា។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំណត់ត្រឹមថ្ងៃ១មេសា ឱ្យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ចូលបំភ្លឺ៕




