
មជ្ឈិមបូព៌ា៖ កងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី៣០ ខែមីនាថា មេបញ្ជាការកងទ័ពជើងទឹក លោក អាលីរ៉េហ្សា តាំងស៊ីរី (Alireza Tangsiri) បានទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ បន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលបំពេញបេសកកម្មពង្រឹងខែលការពារជាតិនៅតាមបណ្ដោយឆ្នេរ និងកោះយុទ្ធសាស្ត្រនានា។

ទោះបីជាអ៊ីរ៉ង់ប្រើពាក្យថា មេទ័ពរូបនេះបាន«ពលី»ក្នុងបេសកកម្មពង្រឹងកងទ័ពក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាតហ្ស៍ (Israel Katz) បានអះអាងថា កងទ័ពអ៊ីស្រាអែល គឺជាអ្នកកម្ចាត់លោក តាំងស៊ីរី តាមរយៈការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ ដែលបានសម្លាប់ទាំងមន្ត្រីជាន់ខ្ពស់ជើងទឹកដទៃទៀតផងដែរ។ លោក តាំងស៊ីរី ត្រូវបានគេស្គាល់ថា ជាមេដឹកនាំយោធាដ៏មានឥទ្ធិពល ដែលបានបញ្ជាឱ្យវាយប្រហារយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាម៉េរិក និងអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមកន្លងមក។

ទោះបីជាបាត់បង់មេបញ្ជាការកំពូលរូបនេះក៏ដោយ ប៉ុន្តែ IRGC បានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធារបស់ខ្លួននឹងមិនមានការរអាក់រអួលឡើយ ហើយកងទ័ពជើងទឹកអ៊ីរ៉ង់ នៅតែរក្សាមហិទ្ធិឫទ្ធិក្នុងការគ្រប់គ្រងច្រកសមុទ្ទហ័រមូស្សយ៉ាងដាច់ខាត ដើម្បីបន្តវាយបកទៅលើសត្រូវវិញ៕



