តើទ័ពឆត្រយោងសហរដ្ឋអាម៉េរិកខ្លាំងប៉ុនណា ទើបហ៊ានទម្លុះបម្រាមជាន់ដីអ៊ីរ៉ង់..?
ហៀប ស៊ីថេត
17 ម៉ោងមុន

មជ្ឈិមបូព៌ា៖ កងទ័ពឆត្រយោងសហរដ្ឋអាម៉េរិករាប់ពាន់នាក់ បានហោះទៅដល់តំបន់មជ្ឈិមបូព៌ាហើយ រង់ចាំតែបញ្ជាចេញពីមាត់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុណ្ណោះ។ មានរហស្សនាមជា «All-American» ជានិមិត្តសញ្ញាសាមគ្គីភាពនៃទាហានឆត្រយោងសហរដ្ឋអាម៉េរិក។ តើពួកគេខ្លាំងប៉ុណ្ណា..? ធ្លាប់ប្រឡូកក្នុងសមរភូមិសង្គ្រាមណាខ្លះ..បានហ៊ានឈានជើងជាន់ទឹកដីអ៊ីរ៉ង់ ដែលបានកំណត់ជាទីស្មសានសម្រាប់កប់យោធាអាម៉េរិក..?

កងទ័ពឆត្រយោង ស្ដាប់ទៅហាក់ធម្មតា ប៉ុន្តែជាក់ស្តែងមិនធម្មតានោះទេ។ មិនធម្មតាក៏នៅត្រង់ថា ទាហានម្នាក់ៗត្រូវបានត្រៀមខ្លួនគ្រប់វិនាទី ដើម្បីធ្វើដំណើរទៅគ្រប់ច្រកល្ហកនៃពិភពលោក ក្នុងករណីមានគ្រាអាសន្ន ឬសង្គ្រាម។ មុនពេលលោតចុះពីលើយន្តហោះ ទាហានម្នាក់ផ្ទុកទម្ងន់ចន្លោះពី៥០ទៅ៦០គីឡូក្រាម។ កំលុងពេលលោតចុះ ទោះឆត្រយោងមិនបើកក៏ពួកគេមិនស្លាប់ដែរ ព្រោះថា ពួកគេម្នាក់ៗមានកូនឆត្រយោងសាគួរតូចមួយនៅលើទ្រូងរបស់ពួកគេ។ នៅលើក្បាលមានមួកការពារគ្រាប់ជំនាន់ថ្មី, នៅក្នុងដៃកាន់គ្រាប់បែក និងកាំភ្លើងប្រភេទ M4A1, មានគ្រាប់កាំភ្លើងយ៉ាងតិច២១០គ្រាប់ (ស្មើនឹង៧បង់) ដាក់ក្នុងអាវក្រោះ, បំពាក់ដោយកែវឆ្លុះ និងឧបករណ៍ឡាស៊ែរសម្រាប់បាញ់ពេលយប់ ល្មមធ្វើឱ្យសត្រូវញញើតខ្លបខ្លាច។ ពួកគេ មិនមែនចេះតែលោតព្រាវៗឱ្យតែបានដល់ដីនោះទេ ពោលគឺពួកគេប្រតិបត្តិការតែក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗប៉ុណ្ណោះ ជាពិសេស នៅពីក្រោយខ្សែត្រៀមរបស់សត្រូវ ជាមួយភាពរហ័សរហួន ជាក់លាក់ និងការសម្រេចចិត្តភ្លាមៗក្នុងស្ថានភាពអាសន្ន។

ពួកគេម្នាក់ៗ អាចរស់រាន និងប្រយុទ្ធបានដោយខ្លួនឯងក្នុងរយៈពេលយ៉ាងតិច ៧២ម៉ោង ឬស្មើ៣ថ្ងៃ ដោយមិនចាំបាច់មានការផ្គត់ផ្គង់បន្ថែម។ កងទ័ពឆត្រយោងសហរដ្ឋអាម៉េរិក កងពលធំលេខ៨២ និងលេខ១០១ គឺជាកងកម្លាំងជួរមុខដែលធ្លាប់បានឆ្លងកាត់សមរភូមិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រពិភពលោក។ ទាហានម្នាក់ៗ ត្រូវឆ្លងកាត់ការហ្វឹកហ្វឺនទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងមុតមាំ។ ភាពខ្លាំងរបស់កងទ័ពឆត្រយោងអាម៉េរិក មិនមែនស្ថិតនៅលើតែអាវុធទំនើបនោះទេ ប៉ុន្តែស្ថិតនៅលើកត្តា៣យ៉ាងធំៗ គឺ៖ ទី១.ការហ្វឹកហ្វឺន, ទី២.យុទ្ធសាស្ត្រវាយឆ្មក់ដ៏សាហាវ, និង ទី៣.បទពិសោធក្នុងសមរភូមិពិតៗ។ ពួកគេត្រូវបានបណ្ដុះបណ្ដាលឱ្យចេះធ្វើការសម្រេចចិត្តក្នុងស្ថានភាពវឹកវរ។ ជាក់ស្តែង នៅពេលលោតចុះពីលើយន្តហោះនៅពេលយប់ ពួកគេអាចនឹងខុសទិសដៅ ឬវង្វេងក្រុម ដូច្នេះ ទាហានម្នាក់ៗត្រូវមានសមត្ថភាពធ្វើជាមេបញ្ជាការដោយខ្លួនឯង ដើម្បីសម្រេចគោលដៅ។

តើពួកគេធ្លាប់ប្រឡូកក្នុងសមរភូមិសង្គ្រាមណាខ្លះ..? មិនមែនលំៗឡើយ កងឆត្រយោងសហរដ្ឋអាម៉េរិក មានបទពិសោធក្នុងសឹកសង្គ្រាមច្បាស់លាស់ណាស់ ជាក់ស្តែង ឆ្នាំ១៩៤៤ ក្នុងសង្គ្រាមលោកលើកទី២ កងទ័ពឆត្រយោងសហរដ្ឋអាម៉េរិក បានធ្វើប្រតិបត្តិការធំបំផុតក្នុងប្រវត្តិសាស្ត្រ។ គ្រានោះ កងពលលេខ៨២ និង១០១ បានលោតចុះនៅពេលយប់ងងឹតក្នុងប្រទេសបារាំង ដើម្បីវាយដណ្តើមកាន់កាប់យកស្ពាន និងផ្លូវសំខាន់ៗឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយមិនឱ្យសត្រូវដឹងខ្លួនជាមុន។ នៅក្នុងឆ្នាំដដែល ពួកគេក៏បានប្រតិបត្តិការនៅប្រទេសហូឡង់ ដើម្បីដណ្តើមយកស្ពានឆ្លងកាត់ទន្លេរីន (Rhine) ក្នុងគោលបំណងបញ្ចប់សង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សហរដ្ឋអាម៉េរិក បានប្រើប្រាស់កងទ័ពឆត្រយោងលេខ១៨៧ ក្នុងប្រតិបត្តិការសង្គ្រាមអន្តរកូរ៉េផងដែរ ដូចជា ប្រតិបត្តិការ Operation Tomahawk កាត់ផ្តាច់ផ្លូវដកថយរបស់កងទ័ពកូរ៉េខាងជើង។

នៅអាស៊ីអាគ្នេយ៍វិញ សហរដ្ឋអាម៉េរិកប្រើទ័ពឆត្រយោងនេះ សម្រាប់ប្រតិបត្តិការសឹកមួយដែលមានឈ្មោះថា «ចាំងសិនស៊ីធី Junction City» នៅឆ្នាំ១៩៦៧ ក្នុងសង្គ្រាមវៀតណាម។ ពេលនោះ កងពលតូចឆត្រយោងលេខ១៧៣ របស់សហរដ្ឋអាម៉េរិក បានបើកការវាយឆ្មក់លើទីបញ្ជាការយោធារបស់ទាហានវៀតកុងនៅក្បែរព្រំដែនកម្ពុជា យ៉ាងសាហាវព្រឺព្រួច។ ក្រៅពីនេះ សហរដ្ឋអាម៉េរិក ក៏បានប្រើទ័ពឆត្រយោងក្នុងសង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្គានីស្ថានផងដែរ ជាពិសេស ការបើកសមរភូមិទី២ប្រឆាំងនឹងរបបសាដាម ហ៊ូសសេន (Saddam Hussein)។ ក្រៅពីសង្គ្រាមធំៗទាំងនេះ ក៏នៅមានសមរភូមិសង្គ្រាមជាច្រើនទៀត ដូចជានៅប៉ាណាម៉ាជាដើម។ ដូច្នេះ តើអ៊ីរ៉ង់ត្រៀមខ្លួនហើយឬនៅ..ដើម្បីភ្លក្សរសជាតិសង្គ្រាមដីគោកជាមួយកងទ័ពឆត្រយោងសហរដ្ឋអាម៉េរិក...? យ៉ាងណា បើទោះបីជាត្រៀមខ្លួនហើយ​ ឬមិនទាន់ហើយក៏ដោយ មិនមែនអ៊ីរ៉ង់ជាអ្នកសម្រេចទេ គ្រប់យ៉ាងស្ថិតនៅលើក្រញ៉ាំស្តេចឥន្ទ្រីកំណាច ដូណាល់ ត្រាំ ប៉ុណ្ណោះ ដែលជាអ្នកចុចប៊ូតុងកំណត់ចុងក្រោយ។

សហរដ្ឋអាម៉េរិក កំពុងពិចារណាលើជម្រើសមួយចំនួន រួមមាន៖ ការវាយយកកោះខាក (Kharg) ដែលជាមជ្ឈមណ្ឌលនាំចេញប្រេង៩០ភាគរយរបស់អ៊ីរ៉ង់, បញ្ជូនកងទ័ពជើងគោកចូលទៅក្នុងដីអ៊ីរ៉ង់ ដើម្បីដកហូតយកសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួច, និងការពារផ្លូវនាវាដឹកប្រេងតាមច្រកសមុទ្ទហ័មូស្ស។ ក្នុងបរិបទសង្គ្រាមនៅមជ្ឈិមបូព៌ា ការបញ្ជូនទ័ពឆត្រយោងទៅចូលលុកលុយដល់មាត់រូងអ៊ីរ៉ង់នេះ មិនមែនជារឿងចៃដន្យនោះទេ ហើយរឹតតែមិនមែនធ្វើដើម្បីគ្រាន់តែបង្អួតភ្នែកគំរាមមេដឹកនាំរដ្ឋធានីតេហេរ៉ង់ដែរ ប៉ុន្តែជាគម្រោងផែនការវាយប្រហារពិតជាក់ស្តែង និងមានប្រសិទ្ធភាព បើរបបអ៊ិស្លាមអ៊ីរ៉ង់មិនចុះញ៉ម នោះសង្គ្រាមលើដីដ៏ក្ដៅគគុកមួយនឹងផ្ទុះឡើងមិនខាន។ មហិច្ឆតាលោក ត្រាំ គឺច្បាស់ណាស់ថា លោកចង់វាយយកកោះខាក ដែលជារោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងប្រេង ដូច្នេះ កងទ័ពឆត្រយោងសហរដ្ឋអាម៉េរិក នឹងក្លាយជាអ្នកបើកឆាកប្រយុទ្ធដំបូងគេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលោតឆត្រយោងចូលក្នុងទឹកដីអ៊ីរ៉ង់ជាចំហបែបនេះ អាចជារឿងគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់បំផុត ព្រោះអ៊ីរ៉ង់បានត្រៀមខ្លួនជាមុនរួចទៅហើយ និងត្រៀមប្រយុទ្ធរួចជាស្រេចផងដែរ ក្នុងនោះ មេដឹកនាំអ៊ីរ៉ង់ បានត្រៀមទាហានប្រយុទ្ធ១លាននាក់ ដ្រូនអត្តឃាត និងមីស៊ីលច្រើនដូចស្រមោច ដើម្បីរង់ចាំស្វាគមន៍កងទ័ពយត្រយោង និងថ្មើរជើងសហរដ្ឋអាម៉េរិក។ តើកងទ័ពឆត្រយោងសហរដ្ឋអាម៉េរិក អាចចារប្រវត្តិសាស្ត្រជ័យជម្នះថ្មីមួយទៀត នៅលើទឹកដីពែរ្សបានដែរឬទេ..? ឬមួយសមរភូមិនេះ ក្លាយជាអន្ទាក់មរណៈមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទ័ពឆត្រយោងសហរដ្ឋអាម៉េរិកវិញ..? ចម្លើយ មានតែពេលវេលាសង្គ្រាមផ្ទុះឡើងនាពេលខាងមុខទេ ដែលកំណត់ថា កងទ័ពឆត្រយោងសហរដ្ឋអាម៉េរិក បន្តកំណត់ត្រាជោគជ័យ ឬត្រូវកត់ត្រាចំនួនសពទាហានសហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមអ៊ីរ៉ង់នេះ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត