
រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន សន្យាសហការផ្សព្វផ្សាយទាក់ទងអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េខាងត្បូង ឱ្យមកបណ្តាក់ទុន និងទស្សនានៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត...។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០មីនា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជូ-បង ផាក (Joo-Bong Park) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន រួមជាមួយគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗក្នុងតំបន់លើវិស័យផ្សេងៗ ដែលបានមកទស្សនកិច្ចស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរយោបល់ស៊ីជម្រៅលើការជំរុញរំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការផ្សព្វផ្សាយរួម ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការបង្កើតកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម រួមជាមួយវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស កំណើនធុរជន និងភ្ញៀវទេសចរកូរ៉េខងត្បូងមកកម្ពុជា ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

គណៈប្រតិភូកូរ៉េខាងត្បូង បានឱ្យដឹងពីចំណាប់អារម្មណ៍ខ្ពស់លើសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាដែលមាន ជាពិសេស គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព និងការអភិវឌ្ឍនានា ដែលធានាបានដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ និងថ្លែងអំណរគុណ ចំពោះការជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជាដែលគណៈប្រតិភូបានជ្រាបនាពេលនេះ។ ការចាត់វិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា លើការលុបបំបាត់ចោលទាំងស្រុងនូវឧក្រិដ្ឋកម្មឆបោកតាមប្រព័៍ន្ធអនឡាញកំណត់ត្រឹមខែមេសា ឆ្នាំ២០២៦ តាមបទបញ្ជាដាច់ខាត និងដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ផងដែរថា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន (ICCI) បានបង្កើតឡើងតាំងពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ ជាមួយគ្នានេះ តាមរយៈសមាជិកភាព ICCI បានជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និងការរៀបចំជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង២៨ប្រទេសផងដែរ៕




