
ក្រុងពោធិ៍សាត់៖ ប្រទេសកំពុងរងការឈ្លានពាន លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវបន្ដប្រកៀកស្មាគ្នាឱ្យរឹងមាំ ស្អិតល្មួត តស៊ូ និងក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់…។

ជាពិសេស កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ និងត្រូវតែតាមដានការវិវឌ្ឍសភាពការណ៍តាមបន្ទាត់ព្រំដែនជាប់ជាប្រចាំ ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។ លោកក៏ចង់ឃើញកងកម្លាំងទាំងអស់ពង្រឹងជំនាញយុទ្ធសាស្ត្រជាក់ស្ដែង នៅលើទីលាន, ពង្រឹងវិន័យក្នុងជួរកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅបន្ដធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសឆ្លងដែនខុសច្បាប់ និងគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ ស ថេត ថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ក៏បានសម្ដែងការគោរព កោតសរសើរ និងដឹងគុណបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំង នឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឱ្យបានគង់វង្សជូនជាតិ និងប្រជាជន។ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏មិនភ្លេចបង្ហាញការស្ញប់ស្ញែងចំពោះវីរភាពនៃការលះបង់ និងអំណរគុណចំពោះមន្ត្រីនគរបាលដែលចូលនិវត្តន៍ហើយ ប៉ុន្តែពួកគាត់បានស្ម័គ្រចិត្តចូលបម្រើអង្គភាពវិញ នៅពេលដែលប្រទេសជាតិទទួលរងនូវការឈ្លានពានទន្ទ្រានដែនអធិបតេយ្យពីសំណាក់ចោរថៃឈ្លានពានតជំនាន់។

សូមជម្រាបថា គិតរហូតមកទល់ពេលនេះ ដែនអធិបតេយ្យកម្ពុជាកំពុងទទួលរងនូវការឈ្លានពានពីយោធាថៃ ដែលបាននិងកំពុងកាន់កាប់ទីតាំងជាច្រើននៅតាមបណ្ដោយព្រំដែន ដោយខុសច្បាប់ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតតាំងជាមួយថៃដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ ហើយមិនទទួលយកជាដាច់ខាតនូវការកំណត់ព្រំដែនតាមការប្រើកងកម្លាំង៕



