
(រាជធានីភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា កងកម្លាំង និងប្រជាការពារទាំងអស់ មានភាពកក់ក្ដៅក្នុងការបំពេញភារកិច្ច ជាបន្តបន្ទាប់ ព្រោះមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់នៅជាមួយបងប្អូន កងកម្លាំង និងប្រជាការពារគ្រប់ៗគ្នា និងគ្រប់ពេលវេលា...។

តាមរយៈសារនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook)នៅព្រឹកថ្ងៃទី១២ ខែមេសានេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងសារអរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងបងប្អូនដែលជាប្រជាការពារ ចំពោះការខិតខំថែរក្សាសុខដុមរមណីយកម្មសង្គម ថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរក្សាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋ ដែលនេះគឺជាការចូលរួមមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការគ្រប់គ្រងស្ថិរភាពសង្គម ដើម្បីប្រទេសជាតិដើរឆ្ពោះទៅមុខប្រកបដោយថាមពល និងវិបុលភាព។

ឯកឧត្តមបន្ថែមថា ការលះបង់ ការបំពេញភារកិច្ច និងការអនុវត្តតាមបទបញ្ជា បានយ៉ាងហ្មត់ចត់ និងម៉ឹងម៉ាត់បំផុត នៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈដែលជាតម្រូវការ។ ឯកឧត្តម ប្រធាន (ស.ស.យ.ក) បន្តថា «ជាក់ស្តែង ខ្ញុំមានវត្តមាននៅថ្ងៃនេះ ជាតំណាងជូនលោកទាំងពីរ ដើម្បីនាំយកនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ មិនថាតែក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែប៉ុណ្ណោះទេ តែជាការខ្វល់ខ្វាយលើសុខទុក្ខបងប្អូន គ្រប់ពេលវេលា»...៕





