កម្ពុជា-អាម៉េរិក ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ រួមទាំងការធ្វើ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាម៉េរិក បន្តរឹតចំណងមិត្តភាពទ្វេភាគី ជាពិសេសផ្នែកយោធា តាមរយៈការចាប់ផ្តើមធ្វើ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ។ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ ហ្គីឡេស​ ជេ.អេស. ខនណេលៀ (GILES J.S. CORNELIA) មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅទីបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦..។

ជំនួបទ្វេភាគីនោះ ភាគីកម្ពុជា-អាម៉េរិក មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ កងទ័ពជើងគោកកម្ពុជា ប្រកាសថា៖«ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួម មានសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាម៉េរិក»។ ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់ផ្នែកយោធាកម្ពុជា-អាម៉េរិក បានពិភាក្សាផ្លាស់ប្ដូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដើម្បីជាវេទិកាសម្រាប់ការសម្របសម្រួល និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ។ 

សូមរំឭកថា ស្របពេលទំនាក់ទំនងការទូតទ្វេភាគី ឈានដល់វ័យ៦០ឆ្នាំ អាម៉េរិក បានចាប់ដៃកម្ពុជារួមគ្នាធ្វើជាសមយុទ្ធ «ឆ្នាំអង្គរ» លើកដំបូងក្នុងប្រវត្តិសាស្ត្រនៃវិស័យការពារជាតិទ្វេភាគីកាលពីឆ្នាំ២០១០។ សមយុទ្ធឆ្មាំអង្គរ ត្រូវបានបានបន្តរួមគ្នារៀងរាល់ឆ្នាំ រយៈពេល៧លើកជាប់ៗគ្នា ដោយផ្ដោតទៅលើប្រធានបទ ប្រតិបត្តិ​ការរក្សា​សន្តិភាព ជំនួយ​មនុស្សធម៌ និង​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ។ ជិត១០ឆ្នាំហើយ បើគិតចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ដែល សមយុទ្ធឆ្មាំអង្គរ ត្រូវបានជាប់គាំង មុនពេលមានការសម្រេចពីមេដឹកនាំនៃប្រទេសទាំងពីរ ស្តីពីការរៀបចំធ្វើ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញនៅចុងឆ្នាំ២០២៦នេះ ឬអាចនៅដើមឆ្នាំ២០២៧ខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត