
រាជធានីភ្នំពញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្ហាញសុទិដ្ឋិនិយមដូចគ្នា ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ថានឹងកាន់តែល្អប្រសើរ…។

នេះបើតាមលទ្ធផលក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Jamieson Greer កាលពីរសៀលថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសសម្ដេចធិបតីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងជំនួប លោក Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម។ កាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត២៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ស្របពេលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា ក៏កើនឡើងគួរឱ្យកត់សម្គាល់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់១៩ភាគរយ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់លោប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

ក្រោមកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ប្តេជ្ញាជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងប្រាប់តំណាងអាម៉េរិកថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនីតិវិធីនានា សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕



