អាម៉េរិក សន្យាបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
អុន សម្ផស្ស
19 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) បានបញ្ជាក់ពីគោលជំហររបស់អាម៉េរិក ដើម្បីជួយឱ្យកម្ពុជា-ថៃ ទទួលបានសន្តិភាពយូរអង្វែង នៅតាមបណ្ដោយព្រំដែន។ ក្រសួងការបរទេសអាម៉េរិក និងទំព័រហ្វេសប៊ុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សុទ្ធតែបានចេញផ្សាយពីលទ្ធផលជំនួបនេះ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានយកព័ត៌មានពីគេហទំព័រក្រសួងការបរទេសខ្លួន ទៅផ្សព្វផ្សាយបន្តលើទំព័រហ្វេសប៊ុក។ 

<br />

លោក គ្រីស្តូហ្វឺ ឡានដាវ បានសរសើរចំពោះការរីកចម្រើននៃភាពជាដៃគូទ្វេភាគីកម្ពុជា-អាម៉េរិក និងបានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ ការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញទៅលើពលរដ្ឋអាម៉េរិក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ក៏ដូចជាឱកាសពាណិជ្ជកម្ម និងវិនិយោគ។ លោក គ្រីស្តូហ្វឺ ឡានដាវ ថ្លែងថា៖«សហរដ្ឋអាម៉េរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាម៉េរិក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ»

លោក គ្រីស្តូហ្វឺ ឡានដាវ
លោក គ្រីស្តូហ្វឺ ឡានដាវ

ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី លោកអនុរដ្ឋមន្ត្រី បានសម្ដែងការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់។ លោកក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សហរដ្ឋអាម៉េរិកកំពុងបន្តស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចបន្ថែមទៀត សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។

យោធាថៃដាក់បន្លាលួសក្នុងដីកម្ពុជា
យោធាថៃដាក់បន្លាលួសក្នុងដីកម្ពុជា

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាម៉េរិក ចំពោះជំនួយ និងការគាំទ្រនានាដល់កម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ។ ដោយឡែក ចំពោះបញ្ហាជម្លោះព្រំដែន មេដឹកនាំកម្ពុជា ថ្លែងអំណរគុណដល់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាល បានជម្រាបលោកអនុរដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត