
រដ្ឋធានីវ៉ាស៊ីនតោន៖ នាថ្ងៃព្រហស្បតិ៍ទី៦ ខែវិច្ឆិកា មហាអំណាចទី១លើលោក[សហរដ្ឋអាម៉េរិក]បានដកបម្រាមពាណិជ្ជកម្មលើវិស័យការពារជាតិជាមួយកម្ពុជា បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមលើការសម្របសម្រួល និងការចូលខ្លួនធ្វើជាសាក្សីលើពិធីចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នារាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការបើកភ្លើងខៀវពីបងធំអាម៉េរិកនេះ គាប់ជួនកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២៦ ជាមួយនឹងការចំណាយថវិកា ដល់ទៅប្រមាណ១០ពាន់លានដុល្លារ លើការពង្រឹងកំពែងការពារជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

គេនៅចាំបានថា អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានដាក់បម្រាមលើការនាំចេញអាវុធមកកម្ពុជាក្នុងឆ្នាំ២០២១ ជុំវិញការលើកឡើងពីការកើនឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិន ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស និងការចោទប្រកាន់អំពីអំពើពុករលួយ។ យ៉ាងណា យោងតាមសេចក្តីជូនដំណឹងមួយ ដោយការមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងសន្តិសុខរបស់កម្ពុជា រួមទាំងការចូលរួមជាថ្មីជាមួយសហរដ្ឋអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ បានដកការរឹតបន្តឹង និងបម្រាមចេញពីកម្ពុជា។

របាយការណ៍បន្ថែមថា ការលក់សព្វាវុធឥឡូវនេះ នឹងត្រូវបានអនុញ្ញាតតាមករណីនីមួយៗ។ ទោះយ៉ាងណា មិនច្បាស់ទេថា តើកង្វល់របស់អាម៉េរិកលើឥទ្ធិពលយោធារបស់ចិននៅកម្ពុជាត្រូវបានដោះស្រាយឬអត់...? គួរជម្រាបថា ការបន្ទន់ឥរិយាបងថរបស់អាម៉េរិកមកកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ភីត ហេកសិត ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅប្រទេសម៉ាឡេស៊ី ខណៈភាគីទាំង២ ថែមទាំងបានយល់ព្រមចាប់ផ្តើមធ្វើសមយុទ្ធឆ្មាំអង្គរ (ANGKOR SENTINEL)»ដូចមុនថែមទៀតផង។

តើការបើកដៃឱ្យកម្ពុជាទិញអាវុធពីបងធំអាម៉េរិកជារឿងចៃដន្យ ឬយ៉ាងណា...? មែនទែនទៅ រឿងនេះទំនងជាមិនចៃដន្យទេ។ មិនចៃដន្យនោះ គឺត្រង់ថា កម្ពុជាគឺជាប្រទេសដែលស្វែងរកសន្តិភាព និងសន្តិសុខពិតប្រាកដ ក្នុងបំណងបង្កើនស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ការអនុញ្ញាតឱ្យកម្ពុជាអាចទិញសព្វាវុធពីបងធំអាម៉េរិកពេលណាក៏បាននេះ គាប់ជួននឹងម្ពុជាគ្រោងចាយដល់ទៅ«១០ពាន់លានដុល្លារ» នៅឆ្នាំ២០២៦ ដោយផ្តោតសំខាន់ខ្លាំងលើការពង្រឹងសមត្ថភាពការពារទឹកដី ដើម្បីគេចចេញពីក្រញាំចោរឈ្លានពាន៕




