អ៊ីរ៉ង់ចូលខ្វេះភ្នែករ៉ាដាអាម៉េរិកដល់ក្នុងផ្ទះអារ៉ាប៊ីសាអូឌីត ខណៈតម្លៃប្រេងហក់ឡើងស្រឺតៗ
ហៀប ស៊ីថេត
2 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ធ្លាប់តែមើលច្បាស់ មើលឆ្ងាយ និងក្តោបក្តាប់ស្ថានការណ៍សង្គ្រាម​បានពេញដៃ ពេលនេះ សហរដ្ឋអាម៉េរិកបាត់បង់ភ្នែកម្ខាង មើលលែងច្បាស់ដូចមុន ដោយសារតែរដ្ឋធានីតេហេរ៉ង់ប្រើដ្រូន និងមីស៊ីលបាញ់កម្ទេចយន្តហោះរ៉ាដាចារកម្មដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាម៉េរិក នៅអារ៉ាប៊ីសាអូឌីតមានតម្លៃដល់ទៅ៥០០លានដុល្លារ ខណៈតម្លៃប្រេងឆៅបានហក់ឡើងដល់១១៦ដុល្លារ ក្នុងមួយបារ៉ែល...។

ការវាយប្រហារចំគោលដៅលើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្ដាលឱ្យយន្តហោះរ៉ាដាចារកម្ម E-3 Sentry AWACS តម្លៃ ៥០០លានដុល្លាររបស់សហរដ្ឋអាម៉េរិក ត្រូវបំផ្លិចបំផ្លាញទាំងស្រុង។ ការបាត់បង់នេះមិនមែនគ្រាន់តែជាការបាត់បង់ទ្រព្យសម្បត្តិយោធាដ៏មហាសាលនោះទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់កែវភ្នែកសហរដ្ឋអាម៉េរិក ដែលធ្លាប់តែសម្លឹងពីលើមេឃប្រមូល និងផ្តល់ព័ត៌មានពីទីតាំងសត្រូវសម្រាប់យោធា មុនចេញប្រសិបត្តិការសឹក។ E-3 Sentry AWACS គឺជាយន្តហោះ ១ក្នុងចំណោម១៦គ្រឿងដែលសហរដ្ឋអាម៉េរិកមាន។ ទោះសល់១៥គ្រឿងទៀត ប៉ុន្តែអាម៉េរិកត្រូវបានបែងចែកយន្តហោះទាំងនេះឈរជើងនៅអឺរ៉ុប ដើម្បីទប់ទល់រុស្ស៊ី, ឈរជើងនៅប៉ាស៊ីហ្វិក ទប់ទល់ចិន រួមទាំងការដាក់ពង្រាយក្នុងស្រុកផងដែរ។ ក្នុងចំណោមយន្តហោះដែលនៅសល់ មិនមែនគ្រប់គ្រឿងសុទ្ធតែអាចហោះបានភ្លាមៗទេ។ យ៉ាងណា ការបាត់បង់កែវភ្នែកនៅក្នុងស្ថានភាពបែបនេះ គឺពិតជាហានិភ័យណាស់សម្រាប់យោធាអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។

តើអ៊ីរ៉ង់អាចបាញ់កម្ទេចយន្តហោះអាម៉េរិកមួយគ្រឿងនេះ បានដោយរបៀបណា...? ជាដំបូង អ៊ីរ៉ង់បាញ់បង្ហោះដ្រូនអត្តឃាតតម្លៃថោកៗ២៩គ្រឿង ចូលទៅរំខាន និងធ្វើឱ្យប្រព័ន្ធការពារអាកាស Patriot របស់អាម៉េរិកវង្វេងវង្វាន់ ហើយបើកការស្ទាក់ចាប់ដ្រូនទាំងនោះរហូតដល់អស់គ្រាប់។ ស្របពេលប្រព័ន្ធការពារអស់គ្រាប់ មីស៊ីលបាលីស្ទីកអ៊ីរ៉ង់៦គ្រាប់ បានចេញដំណើរលឿនដូចផ្លេកបន្ទោរ រួចទៅបុកទម្លុះថាសរ៉ាដា នៅលើខ្នងយន្តហោះ ដែលកំពុងចតទ្រឹងក្នុងមូលដ្ឋាន។ ការវាយប្រហារនេះ មិនមែនជារឿងចៃដន្យទេ តែជាយុទ្ធសាស្ត្រខ្វេះកែវភ្នែកអាម៉េរិក នេះមាន័យថា សហរដ្ឋអាម៉េរិកកំពុងបាត់បង់សមត្ថភាពតាមដានមីស៊ីល និងដ្រូន។ នេះគឺជាការវិនិយោគសង្គ្រាមដ៏ចំណេញបំផុតរបស់អ៊ីរ៉ង់។ ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រេងឆៅបានកើនឡើងដល់ ១១៦​ដុល្លារក្នុងមួយបារ៉ែល។ ទោះជាយ៉ាងនេះក្ដី អ្នកវិភាគសេដ្ឋកិច្ចព្រមានថា តម្លៃប្រេងឆៅអាចនឹងបន្តហក់ឡើងដល់ទៅ១២០ដុល្លារក្នុងមួយបារ៉ែល ឬលើសពីនេះ ប្រសិនបើសន្ទុះនៃជម្លោះមិនថមថយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត