
រដ្ឋធានីវ៉ាស៊ីនតោន៖ បន្ទាប់ពីប្រើប្រាស់ហេតុផលការពារសន្តិសុខសកល និងការទប់ស្កាត់អាវុធនុយក្លេអ៊ែរដើម្បីវាយប្រហារលើអ៊ីរ៉ង់អស់រយៈពេលមួយខែមក ពេលនេះលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានទម្លាយមហិច្ឆតាពិតប្រាកដរបស់លោក គឺការចង់ចូលគ្រប់គ្រងធនធានប្រេងដ៏មហាសាលរបស់ប្រទេសនេះ...។

នៅក្នុងកិច្ចសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃទី២៩មីនា លោក ត្រាំ បានបង្ហាញបំណងចង់វាយយកកោះខាក (Kharg) ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់។ លោកប្រៀបធៀបយុទ្ធសាស្ត្រនេះ ទៅនឹងប្រតិបត្តិការនៅវេណេហ្ស៊ុយអេឡា កាលពីខែមករា ដែលអាម៉េរិកចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងរៀបចំផែនការគ្រប់គ្រងឧស្សាហកម្មប្រេងនៅទីនោះ។ លោក ត្រាំ បាននិយាយឥតលាក់លៀមថា៖«និយាយឱ្យត្រង់ទៅ អ្វីដែលខ្ញុំចង់បានបំផុត គឺការគ្រប់គ្រងប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមនុស្សល្ងង់មួយចំនួននៅសហរដ្ឋអាម៉េរិកនិយាយថា ហេតុអ្វីបានជាអ្នកធ្វើបែបនេះ? ប៉ុន្តែពួកគេគឺជាមនុស្សល្ងង់!»។ នៅពេលសាកសួរអំពីការការពាររបស់អ៊ីរ៉ង់នៅលើកោះខាក ដែលជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់អ៊ីរ៉ង់ លោក ត្រាំ បានបង្ហាញនូវទំនុកចិត្តខ្ពស់ថា វាជារឿងងាយស្រួលបំផុត ដោយសារលោកយល់ថា ប្រព័ន្ធការពាររបស់អ៊ីរ៉ង់នៅទីនោះមិនមានសមត្ថភាពទប់ទល់បានឡើយ។

ចំណែក ឯខាងភាគីអ៊ីរ៉ង់វិញ ប្រធានសភា លោក ម៉ូហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) បានឆ្លើយតបទៅវិញដោយព្រមានថា កងទ័ពអ៊ីរ៉ង់ កំពុងរង់ចាំស្វាគមន៍ទាហានសហរដ្ឋអាម៉េរិក ដែលឈានជើងចូលមកក្នុងសមរភូមិជើងគោក។ ការបង្ហើបពីបំណងចង់បានប្រេងនេះ កើតឡើងចំពេលតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងលើសពី១១៥ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ស្របពេលជាមួយគ្នា កងទ័ពអាម៉េរិក រួមទាំងកងពលធំឆត្រយោងលេខ៨២ កំពុងប្រមូលផ្ដុំគ្នានៅតំបន់ឈូងសមុទ្ទពែរ្ស ជាសញ្ញាបង្ហាញពីការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការជើងគោកលើកោះខាក បើទោះបីជាអ៊ីរ៉ង់បានព្រមានវាយបកវិញយ៉ាងចាស់ដៃក៏ដោយ៕



